ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិអាចទៅបន្ធូរអារម្មណ៍ ជាពិសេសថែមទាំងមានកម្មវិធី ដាំដើមកោងកាងដោយខ្លួនឯងថែមទៀតផង។
ភូមិត្រពាំងសង្កែ ក្នុងខេត្តកំពត ជាដែនប្រជាសហគមន៍នេសាទ មានព្រៃកោងកាងដុះតាមដៃសមុទ្រជាច្រើនហិចតា ដោយបានប្រែក្លាយទៅជាសហគមមន៍ទេសចរណ៍ដ៏ទាក់ទាញមួយ ប្រចាំខេត្ត ដោយមានភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះដាច់ ទំាងថ្ងៃឈប់សម្រាក បុណ្យទាន និងថ្ងៃធម្មតា។
លោក សឹម ហ៊ីម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ភូមិត្រពាំងសង្កែបានវិវឌ្ឍពីភូមិនេសាទទៅជារមណីយដ្ឋានទេសចរ ដែលមានលក្ខណៈសមញ្ញសម្រាប់ភ្ញៀវ ត្រូវការកន្លែងបន្ធូរអារម្មណ៍ក្នុងបរិយាកាសធម្មជាតិ ជាមួយនឹងព្រៃកោងកាងដុះតាមដៃសមុទ្រមានខ្យល់អាកាសបរិសុទ្ធបក់ផាត់ពីដៃសមុទ្រ ជាពិសេសភ្ញៀវទេសចរអាចគយគន់ស្រែស្រូវច្បារដំណាំ និងស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
លោកបន្តថា សហគមន៍របស់លោកបានចាប់ផ្ដើមបើកឡើងវិញរយៈពេល៣ខែហើយ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយភ្ញៀវដែលមកកំសាន្ដមានអារម្មណ៍កក់ក្តៅ សប្បាយនឹងការផ្តិតយកទេសភាពដ៏ខៀវស្រងាត់ ហើយក្នុងពេលរាត្រី ភ្ញៀវទេសចរអាចគយគន់ទូកអ្នកនេសាទ ស្តាប់សំឡេងសត្វ ពិសេសមើលពន្លឺភ្លើងនៃហ្វូងអំពិលអំពែកផងដែរ។
សំឡេង៖ «ពេលចាប់ផ្ដើមបើកវិញភ្ញៀវកើនឡើងច្រើនជាងមុន ប៉ុន្តែភ្ញៀចុះវបរទេសថយ។ មុនមានកូវីដក្នុងមួយថ្ងៃសម្រាប់ថ្ងៃសៅរ៍-អាទិត្យប្រហែល ៤០០ ទៅ ៥០០ ក្នុងមួយថ្ងៃ។ ប៉ុន្តែមកដល់រាល់ថ្ងៃនេះសម្រាប់អាទិត្យមានដល់ ៩០០ ទៅ ១១០០។ ហើយក្រោយមកមុនកូវីតភ្ញៀវមកកំសាន្ដតែថ្ងៃសៅរ៍អាទិត្យទេពេលចាប់ផ្ដើមបិទរយៈពេល ៣ខែ។ តែពេលដែរសហគមន៍បើកវិញសូម្បីតែថ្ងៃចន្ទដល់ថ្ងៃសុក្រក៏មានភ្ញៀវមកដែរ ប៉ុន្ដែមិនច្រើនដូចថ្ងៃសៅរ៍ឬអាទិត្យទេ»។
លោកប្រធានសហគមន៍បន្តថា សហគមន៍របស់លោកមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិគួរជាទីទស្សនាប៉ុណ្ណោះទេ សហគមន៍ត្រពាំងសង្កែ គឺជាថ្នាលបណ្ដុះកូនកោងកាងរាប់ម៉ឺនដើម ទុកសម្រាប់ដាំដុះឡើងវិញ ដើម្បីធានាធនធានធម្មជាតិ ជីវៈចម្រុះ ធនធានជលផល និងចូលរួមកាត់បន្ថយការ ប្រែប្រួលអាកាសធាតុផងដែរ។
សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ត្រពាំងសង្កែមានទំហំផ្ទៃដីជាង៥៧ហិកតា ដែលគ្របដោយដណ្តប់ដោយព្រៃកោងកាងនិង មានចម្ងាយជាង ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពត ៕