ប្រមុខរាជរដ្ឋាភិបាល ព្រមានចាប់ខ្លួនអ្នកនិយាយបំភ្លៃការពិតពាក់ព័ន្ធរឿងព្រំដែន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ ប្រមុខរាជរដ្ឋាភិបាល ព្រមានចាប់ខ្លួនអ្នកនិយាយបំភ្លៃការពិតពាក់ព័ន្ធរឿងព្រំដែនព្រោះបញ្ហាព្រំដែន មិនមែនជារឿងលេងសើចនោះទេ។
ថ្លែងក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាងហើយ ប៉ុន្តែនៅតែមានអ្នករិះគន់លើបញ្ហានេះ រួមទាំងចោទរដ្ឋាភិបាល«ក្បត់ជាតិ»ទៅវិញ។ សម្ដេចបញ្ជាក់ថា កន្លងមកមានការលើកឡើងថា ការរិះគន់លើបញ្ហាព្រំដែននេះ គឺគ្រាន់តែជាការតស៊ូមតិ ដើម្បីផលប្រយោជន៍៍

ជាតិប៉ុណ្ណោះ។ សម្តេចបានអះអាងថា រាល់ការចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែនទាំងអស់ គឺក្រោមបទសល្មើសជាក់ស្ដែង ដែលត្រូវចាប់ខ្លួនភ្លាមៗនៅហ្នឹងកន្លែង ដើម្បីការពារផលប្រយោជន៍ជាតិ។
«សំឡេង៖ ការតស៊ូមតិនេះបានឆ្លងកាត់ការតស៊ូមតិនៅក្នុងសភា មិនត្រឹមតែអ្នកឯងទៅជិះម៉ូតូនោះទេ។ ពីដើមថាកម្ពុជាអត់មានផ្លូវទេ ឥឡូវអញធ្វើផ្លូវយ៉ាងស្អាតនៅតាមទល់ដែន ដោយកាលពីដើមមានផ្លូវឯណា ឥឡូវយើងធ្វើផ្លូវតាមខ្សែក្រវ៉ាត់ទល់ដែនដើម្បីងាយស្រួលខាងនោះក៏គេធ្វើខាងយើងក៏ធ្វើ។ យើងបោះបង្គោលវាទៅឈរនៅបង្គោលព្រំដែន ទៅជិះម៉ូតូលើផ្លូវព្រំដែន ហើយវាទៅមួយភ្លែត វាអាចទៅវាស់ដឹងថា ប៉ុននេះរយម៉ែត្រប៉ុណ្ណោះម៉ែត្ររយម៉ែត្រ ក្នុងពេលដែលយើងទៅដេកព្រៃវាស់ភីស៊ីអេស ហើយវាស់ចេញពីផ្កាយរណបមកទៀតហើយបង្គោលមួយៗសុទ្ធតែមានឈិបសម្រាប់ទំនាក់ទំនងជាមួយផ្កាយរណបមិនមែនជាការលេងសើចនោះទេ។ ខ្ញុំសូមបញ្ជាក់ថា កាលចាប់លោក ហុង ស៊ុនហួរ និងអ៊ុ សំអាន ក្នុងឋានៈជាសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាក៏ចាប់នៅក្នុងបទល្មើសជាក់ស្តែង។ ឥឡូវអ្នកណា និយាយដល់ករណីហ្នឹងគឺចាប់ខ្លួនក្នុងបទល្មើសជាក់ស្ដែងទាំងអស់។ រឿងអីស្នេហាជាតិតែអ្នកឯង តើរាជរដ្ឋាភិបាល តើសភា តើព្រឹទ្ធសភា និងព្រះមហាក្សត្រមិនស្នេហាជាតិទេអី។ អ្នកឯង ចង់ចង្អុលថាព្រំដែនកម្ពុជានៅឯកម្ពុជាក្រោមគឺនៅលើមាត់របស់អ្នកឯង អ្នកឯងចង្អុលថានៅអយុធ្យានៅបាងកក ក៏នៅលើមាត់អ្នកឯង អ្នកឯងថានៅលួងព្រះបាងប្រទេសឡាវក៏នៅលើមាត់អ្នកឯង។ ព្រំដែនគឺអត់នៅលើមាត់ទេ ព្រំដែននៅលើការចរចារវាងប្រទេសជាមួយប្រទេស ហើយត្រូវបានធានាដោយច្បាប់អន្តរជាតិ។»