រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់វិមានឈ្នះឈ្នះឲ្យទៅជាកន្លែងដ៏ទាក់ទាញ់ទំាងវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវ

វិទ្យុជាតិកម្ពុជា៖ស្រីផល
MC៖ រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់វិមានឈ្នះឈ្នះឲ្យទៅជាកន្លែងដ៏ទាក់ទាញទំាងវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវ ដែលរំពឹងនឹងមានមនុស្សទៅលេងកម្សាន្តកាន់តែច្រើន។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននៅតំបន់វិមានឈ្នះឈ្នះនេះបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍មួយ ដែលមានកន្លែងកម្សាន្ត មានវិមានឈ្នះឈ្នះ ពហុកីឡដ្ឋានជាតិដ៏ធំ ដើម្បីបម្រើការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមឆ្នាំ២០២៣ សណ្ឋាគារលំដាប់ផ្កាយ៥ សួនទឹកដ៏ធំទំនើប សួនសត្វជាដើម ដែលជាទីទាក់ទាញភ្ញៀវទេសចរសម្រាប់រាជធានីភ្នំ ពេញ។
ក្នុងឱកាសអញ្ជើញទស្សនកិច្ចនិងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋខាភិបាលបានខិតខំយ៉ាងខ្លំាងក្នុងការប្រែក្លាយតំបន់នេះទៅជាតំបន់អភិវឌ្ឍន៍មួយប្រកបដោយភាពទាក់ទាញ ខណៈ ដែលកាលពីអតីតកាលទីនេះ គឺជាតំបន់មួយដែលជាកន្លែងជ្រកកោណនៃពួកឧទ្ទាម ក្នុងការបាញ់ចូលទីក្រុងភ្នំពេញ ប៉ុន្តែឥលូវនេះ វាបានប្រែក្លាយទៅជាតំបន់មួយ ដែលបានអភិវឌ្ឍន៍ទៅជាកន្លែងលេងកម្សាន្ត មានវិមានឈ្នះឈ្នះដែលជានិមិត្តរូប នៃការបិទបញ្ចប់ភ្លើងសង្គ្រាម និងមានពហុកីឡដ្ឋានជាតិដ៏ធំមួយ ដើម្បីបម្រើការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ដោយមានទាំងការស្នាក់នៅសម្រាប់កីឡាករដែលមកចូលរួមប្រកួតផងដែរ។
សម្លេង៖ “រយៈពេលក្រោយមកនេះ តំបន់នេះបានក្លាយទៅជាតំបន់នៃការអភិវឌ្ឈមួយ ដែលមានដំបូង គឺចាប់ផ្ដើមពីតំបន់នេះ ដែលលោកឧកញ៉ា លី យ៉ុងផាត់ បានដាក់ក្នុងការវិនិយោគ ជាអត្រាគោលៗ ហើយក៏ដូចជាសណ្ឋាគារខ្នាតផ្កាយ៥នៅទីនេះ យើងក៏បានយកតំបន់នេះធ្វើជាវិមានឈ្នះឈ្នះ ដែលចាត់ទុកថាជានិមិត្តរូបដ៏សំខាន់ នៃការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។ យើងក៏បានជ្រើសរើសតំបន់នេះជាតំបន់ស៊ីហ្គេមឆ្នាំ២០២៣ ដែលនៅខាងមុខយើងនេះ យើងមើលទៅឃើញថា ពហុកីឡាដ្ឋានមួយ ជាពិសេសស្តាតបាល់ទាត់ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន បានកសាងនៅខាងមុខនេះ ហើយនៅមិនយូប៉ុន្មានទៀតទេ ដែលកីឡដ្ឋាននេះត្រូវបានបញ្ចប់ការសាងសង់ ជាមួយនឹងការវិនិយោគបន្ថែម ទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឲ្យការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលមានទាំងផ្លូវ និងមានទាំងផ្ទះ សម្រាប់ការស្នាក់នៅរបស់កីឡាករកីឡាការិនី។ដោយឡែកសម្រាប់ការវិនិយោគរបស់ លោកឧកញ៉ា លី យ៉ុងផាត់ គឺខ្ញុំក៏សូមយកឱកាសនេះ ស្ងើចសរសើរចំពោះលោកឧកញ៉ា ដែលបានមានគំនិតវែងឆ្ងាយ ដែលចាប់យកតំបន់នេះ ជាតំបន់នៃការភិវឌ្ឍ”។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កន្លែងនេះក៍មានសួនសត្វ ព្រមទាំងកន្លែងលេងទឹកផងដែរ ដែលពីមុនធ្លាប់តែឃើញមានសួនសត្វ និងកន្លែងលេងទឹកនៅប្រទេសគេ តែបច្ចុប្បន្នកម្ពុជា ក៏មានកន្លែងមើលសត្វ និងលេងទឹកធំដូចគេនៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់ ដែលនេះក៏ជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិ ឲ្យទៅលេងកម្សាន្ត នៅក្នុងប្រទេសកម្ពុជាផងដែរ៕