កម្ពុជាស្នើដល់អង្គការសហប្រជាជាតិ ពន្យាពេលនៃការផ្លាស់ប្តូរកម្លាំងកងទ័ពមួកខៀវ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖កម្ពុជាស្នើដល់អង្គការសហប្រជាជាតិ ពន្យាពេលនៃការផ្លាស់ប្តូរកម្លាំងកងទ័ពមួកខៀវ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅពេលខាងមុខកម្ពុជានឹងត្រូវផ្លាស់ប្តូរកម្លាំងកងទ័ពមួកខៀវ ជាង៤០០នាក់ ពីប្រទេសក្រៅ ដូចជា ប្រទេសម៉ាលី អាហ្វិកកណ្តាល លីបង់ សូ៊ដង់ខាងត្បូង ប៉ុន្តែដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជានឹងសុំការយោគយល់ពីអង្គការសហប្រជាជាតិ ក្នុងការពន្យាពេលនៃការផ្លាស់ប្តូរកងកម្លាំងនេះ។
ថ្លែក្នុងទស្សនកិច្ចនិងបើកសម្ពោធសួនទឹក ហ្គាឌិនស៊ីធី របស់ឧកញ៉ា លី យ៉ុងផាត់ នៅព្រឹកថ្ងៃទី ១៦ ខែ សីហានេះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចតេជោ បានបន្តថា ការបញ្ជូនកងទ័ពមួកខៀវដែលត្រូវវិលត្រឡប់មកកម្ពុជានិងបញ្ជូនពីកម្ពុជាទៅក្រៅប្រទេសវិញ វានឹងធ្វើឲ្យមានការកើនឡើងនៃជំងឺកូវីដ១៩ ។ ជាក់ស្តែង ដូចជា ករណីកងទ័ពមួកខៀវចំនួន ៦២នាក់ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី មានករណីឆ្លងវីរុសកូវីដ១៩ចំនួន ៩នាក់ បន្ទាប់ពីធ្វើចត្តាឡីស័ក ប៉ុន្តែពេលត្រឡប់ទៅផ្ទះ មានករណីកងទ័ពមួកខៀវម្នាក់មានវិជ្ជមានវីរុសនេះ ទើបតម្រូវឲ្យក៏ទ័ពទាំងអស់ត្រូវត្រឡប់មកធ្វើចត្តាឡីីសស័កឡើងវិញ ដែលនេះជាបញ្ហាធំសម្រាប់កម្ពុជា ។ សម្តេចតេជោ បញ្ជាក់ថា ប្រសិនបើអង្គការសហប្រជាជាតិព្រមពន្យាពេលនៃការបញ្ជូនកម្លាំងកងទ័ពមួកខៀវ សុំឲ្យ នាយទាហាន ពលទាហាន ដែលនៅក្រៅប្រទេស ក្រុមគ្រួសារនៅក្នុងប្រទេសទាំងអស់មេត្តាយោគយល់ ដែលជានេះជាបញ្ហារួម ដើម្បីកុំឲ្យមានការចម្លងជំងឺកូវីដ១៩ កាន់តែខ្លាំងឡើងតែប៉ុណ្ណោះ ។
សំឡេង« ខ្ញុំសុំយកឱកាសនេះអំពាវនាវដល់ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យពិចារណាទៅលើការពន្យាពេលសម្រាប់កងរក្សាសន្តិភាព បើមិនបានគ្រប់ប្រទេសទាំងអស់ក៏សុំឲ្យករណីកម្ពុជា ។ យើងមិនស្នើសុំទុកកងទ័ពយើងរហូតនោះទេ ហើយបន្តនៅរាប់ឆ្នាំនៅទីនោះទេ តែយើងសុំរក្សាទុកកងទ័ពយើងនៅទីនោះមួយរយៈកាល ដើម្បីកាត់បន្ថយនូវការឆ្លងនាំចូលពីប្រទេសក្រៅ ហើយមកចម្លងក្នុងប្រទេសរបស់យើង » ៕