ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាក្នុងអំឡុងថ្ងៃឈប់សំរាកនេះ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងអំឡុងថ្ងៃឈប់សំរាកនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាអាយុជីវិតផ្ទាល់ ខ្លួន និងអ្នកដទៃ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សំរាប់ថ្ងៃឈប់សំរាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហានេះ សូមបងប្អូនជនរួមជាតិដែលធ្វើដំណើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋាននានាទូទាំងខេត្តត្រូវបន្ដចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយនៅពេលធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ យករថយន្ដទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) និងបញ្ហាផ្សេងៗទៀតឲ្យបានម៉ត់ចត់ ។
ថ្លែងក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ បានមានប្រសាសន៍បន្តថា មានដំណើរកម្សាន្តមួយចំនួនរមែងតែកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការធ្វេសប្រហែស ជាពិសេសការសេពនូវគ្រឿងស្រវឹង ដូច្នេះដើម្បីរក្សាអាយុជីវិតខ្លួនឯងនិងអ្នកដទៃ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ។
សំឡេង ៖« ការអំពាវនាវរបស់ខ្ញុំ ត្រូវថែទាំជីវិតឲ្យខាងតែបាននៅក្នុងរយៈពេលនៃការឈប់សំរាក តាមរយៈការគោរពច្បាប់ចរាចរណ៍ ព្រោះជាធម្មតាការធ្វើដំណើរលេងកម្សាន្តនេះ គ្រោះថ្នាក់ចរាចរណ៍រមែងតែកើតមាន ដូច្នេះសូមបងប្អូនយកចិត្តទុកដាក់ការពារនូវជីវិតខ្លួនឯងក៏ដូចជាការពារជីវិតអ្នកដទៃ តាមរយៈការបើកបរដោយគោរពច្បាប់ចរាចរណ៍ ដោយមិនសេពគ្រឿងស្រវឹងណាមួយនោះឡើង ព្រោះគ្រឿងស្រវឹងនេះ ច្រើនតែបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ភាគរយខ្ពស់ណាស់ ដែលកើតឡើងដោយសារតែគ្រឿងស្រវឹងនេះ អញ្ចឹងយើងមិនបានហាមឃាត់ការផឹកស៊ីនោះទេ ប៉ុន្តែសូមកុំធ្វើការបើកបរ »៕