កម្ពុជាមានសួនទឹកដ៏ទំនើបតាមស្តង់ដារអន្តរជាតិដូចនៅក្រៅប្រទេសសម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាកម្ពុជាក៏មានសួនទឹកដ៏ទំនើបតាមស្តង់ដារអន្តរជាតិដូចនៅក្រៅប្រទេសដែរ សម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិ មកលេងកំសាន្ត ពិសេសសំរាប់ប្រជាពលរដ្ឋក្នុងស្រុក មិនចាំបាច់ចំណាយថវិកាច្រើន ទៅក្រៅប្រទេស
ក្នុងឱកាសអញ្ជើញទស្សនកិច្ចនិងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នរាជធានីភ្នំពេញ បានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងការរស់នៅដ៏រស់រវើក ព្រោះមានសំណង់អគារលំនៅឋាន ពាណិជ្ជកម្មខ្ពស់ទាប និងតំបន់លេងកម្សាន្តជាច្រើនទៀត ដែលកាលពីជាង៤០ឆ្នាំមុន ធ្លាប់តែស្ថិតក្រោមស្បៃអន្ធការដ៏ខ្មៅងងឹត ។
សម្តេច តេជោ បានបន្តថា សួនទឹក «ហ្គាឌិនស៊ីធី»ជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលឧបករណ៍កម្សាន្តដូចជា៖ ឋានសួគ៌រលក (ធំជាងគេនៅអាស៊ាន), អាណាចក្រទឹក (ធំជាងគេនៅអាស៊ាន), ឋានសួគ៌កុមារ, ទន្លេមេគង្គ, ស្គីរលក និងជ្រលងទឹកគួច ដែលជាការរួមចំណែកទាក់ទាញអ្នកទេសចរដែលចូលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។
សំឡេង៖«អ្វីដែលយើងធ្លាប់ឃើញនៅប្រទេសគេ យើងបានឃើញនៅក្នុងតំបន់នេះជាលើកដំបូង ដូចជាករណីសួនសត្វ ដែលមុនយើងធ្លាប់តែមើលការកម្សាន្តនៅប៉ាត់ទីយ៉ា របស់ប្រទេសថៃ ប៉ុន្តែឥឡូវយើងមកមើលនៅទីនេះ។ យើងធ្លាប់មើលសត្វនៅប្រទេសសាំងហ្គាពួរ ឥឡូវយើងមានសត្វដូចគ្នាដែរនៅកម្ពុជាដែរ។ យើងធ្លាប់មើលឃើញកន្លែងគេដូចជាការបញ្ចាំងរូបភាព តាមទូរទស្សន៍ តាមហ្វេសបុកនិងនៅកន្លែង លេងទឹកនានាឥឡូវនេះយើងមានកន្លែងនេះដូចគ្នា ។ បើយោងទៅលើការសិក្សារបស់យើង គឺនៅក្របខ័ណ្ឌអាស៊ាន ឋានសួគ៍រលកធំជាងគេ ដែលមានរហូតទៅដល់ជាង៤ពាន់ម៉ែត្រក្រឡា ហើយមានកម្ពស់ រហូតទៅដល់៣ម៉ែត្រនៅក្នុងក្របខ័ណ្ឌអាស៊ាន ហើយអាណាចក្រទឹកធំជាងគេ នៅក្នុងអាស៊ានអាចលេងបានចំនួន៣រយនាក់ក្នុងពេលតែមួយ យើងមិនយកបញ្ហានេះទៅអួតថាយើងពូកែជាងគេជាងឯងទេ ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា យើងបានទៅសិក្សាពីគេ ហើយយើងមានលទ្ធភាព នៃផ្ទៃដី របស់យើង ដែលធ្វើទៅរួច ដោយប្រើប្រាស់ផ្ទៃដី រហូតទៅដល់ ជាង៨ហិកតា ដែលក្នុងនោះ គឺសម្រាប់តំបន់កម្សាន្តដែលមានផ្នែកទឹក ទាំងផ្នែកសមុទ្រ ទាំងផ្នែកទន្លេ និងតំបន់កម្សាន្តដ៏ទៃទៀត ជាង៦ហិកតា ចំណតរថយន្តមានជាង២ហិកតា ដូច្នេះអាចចាត់ទុកថាតំបន់នេះជាតំបន់ ដែលឆ្លើយតបជាមួយនិងការកម្សាន្តរបស់ប្រជាពលរដ្ឋរបស់យើងដែរត្រូវការនៅពេលនេះ»៕