ភោជនីយដ្ឋានលំអង ចាប់ផ្តើមបើកដំណើរការឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាប

AKP  ខេត្តសៀមរាប  ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០-

លោក សេង សុធា ម្ចាស់ភោជនីយដ្ឋានលំអង បានឱ្យដឹងថា មូលហេតុដែលលោកបើកឱ្យដំណើការភោជនីយដ្ឋានលំអងនេះឡើងវិញ គឺក្នុងគោលបំណងទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងឱកាសឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៧ ដល់២១ខែសីហានេះ បន្ទាប់ពីភោជីយដ្ឋាននេះ បានបិទអស់មួយរយៈដោយសារតែកូវីដ១៩ ហើយលោករំពឹងថា នៅថ្ងៃឈប់សម្រាកនេះ ភ្ញៀវទេសចរជាតិនិងមកកម្សាន្តច្រើននៅខេត្តសៀមរាបនេះ ព្រោះអាជ្ញាធរខេត្តសៀមរាប បានរៀបចំកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលក្នុងនោះមានកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើន។ ម្យ៉ាងទៀត លោកក៏ចង់បើកបម្រើឱ្យអ្នកទេសចរក្នុងស្រុកដែរ ព្រោះស្ថានភាពបច្ចុប្បន្ននេះភ្ញៀវទេសចរជាតិ គឺជាកត្តាមួយដ៏សំខាន់ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងស្រុកដើរឡើងវិញ។

  លោកបានបន្តថា ភោជនីយដ្ឋានលំអង គឺជាភោជនីយដ្ឋានមួយ ដែលដាំបន្លែខ្លួនឯង ហើយនៅរាល់ម្ហូបគឺត្រូវធ្វើឡើងដោយប្រើគ្រឿងផ្សំនិងបន្លែធម្មជាតិគ្មានគីមី ដែលដាំនៅក្នុងបរិវេណភោជនីយដ្ឋានេះផ្ទាល់តែម្តង។ហើយសម្រាប់គ្រឿងផ្សំខ្លះដែលនាំចូល គឺត្រួវបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ថា គ្មានប្រើប្រាស់ជាតិគីមីទើបអាចយកមកធ្វើម្ហូបនៅក្នុងភោជនីយដ្ឋាននេះបាន។

លោកថា សម្រាប់ភ្ញៀវទេសចរដែលមកទទួលទានអាហារនៅភោជនីយដ្ឋាននេះ មានជម្រើសច្រើន ដោយអាចទទួលទានអាហារនៅក្នុងផ្ទះម៉ូតខ្មែរបុរាណដែលមានផ្កាចម្រុះពណ៌រួមបន្លែបៃតងដាំព័ន្ធជុំវិញក៏បាន ឬអាចទៅទទួលទាននៅតាមកញ្ចុះកណ្តាលវាលស្រែដែលមានស្រូវខៀវខ្ចីរួមជាមួយខ្យល់បរិសុទ្ធក៏បាន ហើយសម្រាប់ភ្ញៀវដែលមកកម្សាន្តនៅខេត្តសៀមរាបកុំភ្លេចមកទទួលទានអាហារនៅទីនេះដោយមានការបញ្ចុះតម្លៃ១៥ភាគរយ។

  ភោជនីយដ្ឋានលំអង មានទីតាំងស្ថិនៅម្តុំវត្តត្រាំនាគ ក្នុងភូមិធ្លូកអណ្តូង សង្កាត់ស្លរ ក្រាម ក្រុងសៀមរាប ជាភោជនីយដ្ឋានបែបស្ងប់ស្ងាត់ធម្មជាតិ ដែលអមដោយផ្កាចម្រុះពណ៌និងបន្លែរធម្មជាតិជាច្រើនមុខ។ភ្ញៀវទេសចរមកដល់ភោជនីយដ្ឋាននេះ ក្រៅពីបានទទួលទានអាហារឆ្ងាញ់ៗហើយនោះ បានធ្វើឱ្យអារម្មណ៍របស់ពួកគាត់ស្រស់ថ្លាជាមួយធម្មជាតិផងដែរ៕

ឃុត សៅ