សម្តេចតេជោហ៊ុនសែន អញ្ជើញសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤ លានដុល្លារ

វិទ្យុជាតិកម្ពុជា៖លោកជៀងយ៉ារ៉េត

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០ ២០នេះ បានអញ្ជើញទស្សនកិច្ចនិងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមរបាយការណ៍ឲ្យដឹងថា សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ ហិកតា ដោយចាប់ផ្តើមដំណើរការសាង សង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។
សួនទឹក «ហ្គាឌិនស៊ីធី» គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ាលី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំ ពេញ។ របាយការណ៍ក្រុមហ៊ុន បានឱ្យដឹងថា សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះ ទុនវិនិយោគសរុបជាង ៤៤លានដុល្លារអាមេរិក។
សួនទឹកហ្គាឌិនស៊ីធី មានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យ ទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ។
ឧបករណ៍កម្សាន្តទាំងនេះមានដូចជា៖ ឋានសួគ៌រលក (ធំជាងគេនៅអាស៊ាន), អាណាចក្រទឹក (ធំជាងគេនៅអាស៊ាន), ឋានសួគ៌កុមារ, ទន្លេមេគង្គ, ស្គីរលក និងជ្រលងទឹកគួច។ ក្រៅពីមានកន្លែងលេងទឹកហើយនោះ នៅក្នុងសួននេះ ក៏មានភោជនីយដ្ឋាន អាហារដ្ឋានមានបម្រើទាំងអាហារខ្មែរ បារាំង និងកញ្ចុសសម្រាប់អង្គុយលេងកម្សាន្តផងដែរ។
សួនទឹកនេះមានបុគ្គលិកបម្រើការរហូតដល់ទៅ ២៣០នាក់។ សម្រាប់តម្លៃសំបុត្រចូលលេងកម្សាន្តវិញ មនុស្សធំតម្លៃ ១៥ដុល្លារអាមេរិក កូនក្មេង និងមនុស្សចាស់តម្លៃ ៩ដុល្លារ។ បើកដំណើរ ការពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច៕