កម្ពុជាត្រៀមបញ្ជូនសិល្បការិនីចំនួន៤រូបទៅចូលរួមមហោស្រពល្ខោនពានអន្តរជាតិលើក ទី១៥ នៅទី ក្រុងសេអូ៊លសាធារណរដ្ឋកូរ៉េ នាខែកញ្ញា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំំពេញ៖ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ2020 លោក Kim Hyung Jun នាយកប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ហៃ តារា អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុន NATURAL MAGIC បានគោរពស្នើសុំការគាំទ្រ ពី ឯកឧត្តម រដ្ឋមន្រ្តី ក្នុងសកម្មភាពការងារ របស់ក្រុមហ៊ុន សម្រាប់ត្រៀមលក្ខណៈបញ្ជូន សិល្បការិនី កម្ពុជា ចំនួន ៤ រូប ទៅចូលរួមក្នុងកម្មវិធី មហោស្រពល្ខោនពានអន្តរជាតិលើក ទី១៥ នៅទី ក្រុង សេអូ៊ល សាធារណរដ្ឋកូរ៉េ នាខែ កញ្ញា ឆ្នាំ២០២០។
លោកស្រី ហៃ តារា នាយិកាប្រតិបត្តិ ក្រុមហ៊ុន NATURAL MAGIC បានជម្រាបជូនថា សម្រាប់ឆ្នាំ២០២០នេះ ប្រទេសកូរ៉េបានអោយក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology ចូលក្នុងព្រឹត្តការណ៍មហោស្រពល្ខោនពានអន្តរជាតិលើកទី១៥ នៅសាធារណរដ្ឋកូរ៉េ ប៉ុន្តែ ក្រុមហ៊ុន Jin Sung Group បានផ្តល់សិទ្ធិអោយក្រុមហ៊ុន NATURAL MAGIC ជាអ្នកជ្រើស រើសសិល្បករទៅចូលរួមក្នុងកម្មវិធីនោះ។ លោកស្រីបានបញ្ជាក់ថា ការជ្រើសរើសសិល្បការិនី ខ្មែរចំនួន ៤ រូបនេះ គឺពួួកគាត់មានប្រវត្តិជាអ្នកសម្តែងរឿងភាគ តាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា និងមានរូប សម្រស់ ស្រស់ស្អាត មានសមត្ថភាព ក្នុងការសម្តែង ដើម្បីទៅចូលរួមក្នុងមហោស្រពល្ខោន ពានរង្វាន់អន្តរជាតិលើកទី១៥ នៅ សាធារណរដ្ឋកូរ៉េ ដែលនឹធ្វើឡើងចាប់ ពីថ្ងៃទី៨ ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ នេះ ដែលកម្មវិធីនោះ គ្រោងនឹងមានអ្នកចូលរួមមកពីបណ្តា ប្រទេស ចំនួន ៨២ ប្រទេស។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះសកម្មភាពការងាររបស់ ក្រុមហ៊ុនកូរ៉េ ដែលបានជ្រើសរើស សិល្បការិនីខ្មែរ ទៅចូលសម្តែងក្នុងកម្មវិធីជាលក្ខណៈអន្តរជាតិ នៅប្រទេសកូរ៉េ។
ឯកឧត្តមបញ្ជាក់ថា ការជ្រើសរើស សិល្បការិនី ខ្មែរ ទៅចូលសម្តែងក្នុងកម្មវិធីជាលក្ខណៈអន្តរជាតិ នៅប្រទេសកូរ៉េ ដើម្បីជាការរួមចំណែក លើកកម្ពស់វិស័យសិល្បៈខ្មែរ នៅលើឆាកអន្តរជាតិ ហើយតាមរយៈនេះ ឯកឧត្តម រដ្ឋមន្រ្តី បាន ជូនពរអោយគម្រោងការងារនេះទទួលបានជោគជ័យ៕