ឯកឧត្ដម ឃួង ស្រេង៖ ណែនាំឱ្យមន្ទីរសាធារណការ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេណវិមានឈ្នះឈ្នះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០–

ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេណវិមានឈ្នះឈ្នះ ជាមួយនិងការណែនាំឱ្យសន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកម្សាន្តនៅក្នុងវិមាននេះ ទុកដាក់សំរាមឱ្យបានល្អផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានណែនាំបែបនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០២០នេះ ខណៈឯកឧត្ដម ដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថី មហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេណ វិមានឈ្នះឈ្នះនិងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់សោភ័ណភាព បរិស្ថាន និងអនាម័យល្អប្រសើរ ។

  ឯកឧត្ដម ឃួង ស្រេង. បានមានប្រសាសន៍ លើកឡើងថា នៅក្នុងបរិវេណវិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃមួយថ្ងៃមានប្រជាពលរដ្ឋមក ដើរលេងកម្សាន្តរាប់ពាន់នាក់ ដូច្នេះ កម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើងត្រូវណែនាំពួកគាត់ឱ្យទុកដាក់សំរាមឱ្យបានល្អ ដើម្បីឱ្យពួកគាត់មានទម្លាប់ល្អ។ 

បន្ថែមពីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើ 

ដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំង អស់នៅក្នុងបរិវេណវិមានឈ្នះឈ្នះនេះឱ្យបានល្អស្អាតបន្ថែមទៀត។

    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ សីហាកន្លងមកនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបាន ដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថី មហាវិថីឈ្នះឈ្នះម្តងរួចមកហើយ ហើយកាលណោះឯកឧត្តម អភិបាលបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសម្អាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀរទឹកដក់ នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ។ ក្រោយពីមានការណែនាំបែប នេះ មកដល់ថ្ងៃនេះ ឃើញថាទាំងបរិវេណវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ មានសោភ័ណភាព បរិស្ថានល្អប្រសើរហើយ ។ដោយឡែកនៅតាមបណ្តោយផ្លូវនេះក៏មានសណ្តាប់ធ្នាប់ល្អប្រសើរហើយដែរ៕

 

ដោយ សំរិត