ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា៖លោកជៀងយ៉ារ៉េត
ភ្នំពេញ៖ឯកឧត្តម វ៉ាត់់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ឲ្យដឹងថា មកទល់ពេលនេះ ដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានជាង៨០ ភាគរយហើយ ហើយការសាងសង់គ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១ ។
ឯកឧត្តមអគ្គលេខាNOCC បន្តឲ្យដឹងទៀតថា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ជាសកល បានធ្វើឲ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនាឆ្នាំ២០២១ ខណៈពីដំបូងគណ:កម្មការវាយតម្លៃថា ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។
បើតាមឯកឧត្តមវ៉ាត់ ចំរើន កីឡដ្ឋាននេះ បានសាងសង់គ្រោងរួចរាល់១០០ភាគរយហើយ នៅសល់តែការបំពាក់សម្ភារមួយចំនួន ដូចជាកៅអី ដំបូល អំពូល ភ្លើង និង ការធ្វើទីលាន ខាងក្នុងតែប៉ុណ្ណោះ ។
កីឡដ្ឋានលំដាប់អន្តរជាតិ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន សាងសង់ លើផ្ទៃដីជាង ១៦ ហិកតា ដោយគ្រោងចំណាយថវិកា ១៥៨ លានដុល្លារ ។ កីឡដ្ឋាននេះ អាច ផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និង អាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង ។
សូមបញ្ជាក់ថា សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ៤ មេសា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ មានដូចជា មជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡា ក្នុងសាល , ទីលានបាល់បោះ , និង អគារស្នាក់នៅរបស់អត្តពលិក ។
ពហុកីឡដ្ឋានដ៏ទំនើបនេះ សាងសង់ឡើង ដើម្បីត្រៀមបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍(Sea Games)លើកទី៣២ឆ្នាំ២០២៣ ខណះដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕