ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មជំរុញកសិករឲ្យធ្វើកសិកម្មបែបពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា៖ លោកស្រីធីណា ឌីណេ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជំរុញកសិករឲ្យធ្វើកសិកម្មបែបពាណិជ្ជកម្ម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញក្នុងស្ថានការណ៍កូវីដ១៩ ដើម្បីជួយឲ្យជីវភាពកាន់តែប្រសើរឡើង។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយ​ការនាំចូលកសិកម្មពីប្រទេសជិតខាង ប្រជាកសិករទាំងអស់គួពង្រីកការចិញ្ចឹមត្រី ចិញ្ចឹមសត្វដាំដុះបន្លែ ដោយត្រូវ​រៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឲ្យបានច្បាស់លាស់ ដើម្បីធ្វើផ្គត់ផ្គង់នៅក្នុងទៅផ្សារឲ្យបានតម្រូវការ និង​មាន​និរន្តរភាព។

សំឡេង៖ «ចង់ឲ្យបងប្អូនផ្លាស់ប្តូរជីវភាព ពីជីវភាពកសិករធម្មតាទៅជា ជីវភាពជា សហគ្រិន។ ជីវភាពជាកសិករគឺធ្វើដើម្បីតែម៉ាគ្រប់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំឆ្នាំ ប៉ុន្តែបើជីវភាពជាសហគ្រិន គឺមិនគិតចឹងទេ គឺធ្វើយ៉ាងម៉េចគឺផលិតឲ្យបានច្រើន គុណភាពល្អ មានសុវត្ថិភាពនឹងលក់បានថ្លៃ បានចំណូលច្រើនទ្រទ្រង់ជីវ ភាពគ្រួសារខ្ញុំចង់ឃើញបងប្អូនប្រជាកសិករទូទាំងប្រទេសក្លាយខ្លួនឯងពីជីវភាពកសិករទៅជាជីវភាពសហគ្រិនទាំង​អស់​។នៅពេលដែលយើងក្លាយទៅជាសហគ្រិនអស់ហើយ សេដ្ឋកិច្ចក្នុងស្រុក និងក្នុងប្រទេសយើង​នឹងក្លាយជាប្រទេសមួយមានកំរិតមធ្យមកំរិតខ្ពស់» ។

ឯកឧត្តមបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការផ្តល់ឥណទានជូន​ដល់ដល់បងប្អូន​​ប្រជាសហគមន៍​ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិត​ផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មដើម្បីឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង​នូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។

ផែនការនេះមានគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ដែលការណ៍នេះ ជាឱកាសសម្រាប់បងប្អូនកសិករ យុវជន អាចទំនាក់ទំនង មកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការស្នើសុំឥណទាន ពីក្នុងគម្រោងហិរញ្ញប្បទានពិសេស នេះឬពីគម្រោងឥណទានផ្សេង ទៀតរបស់ធនាគារ។
ឯកឧត្តម បន្តថា ប្រសិនបើប្រជាពលរដ្ឋណាមានតម្រូវការផ្នែកឥណទាន ដើម្បីយកទៅពង្រីកការដាំដុះ និងចិញ្ចឹមសត្វ អាចធ្វើការទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ដើម្បីបំពេញទៅតាម​​តម្រូវការពង្រីក​អាជីវកម្មរបស់ខ្លួន៕