អាជ្ញាធរស្រុកសេសាននិងអង្គការភ្លែនអន្តរជាតិផ្តល់សម្ភារអនាម័យជូនប្រជាពលរដ្ឋប្រើប្រាស់ដើម្បីបង្ការជម្ងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង
MC៖ អាជ្ញាធរសេសានខេត្តស្ទឹងត្រែងសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា នាំយកសម្ភារអនាម័យចែក​ជូនប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ឈានទៅបង្ការជំងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាពនៅតាមសហគមន៍។

ក្នុងឱកាសចែកសម្ភារអនាម័យសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់លើកកម្ពស់សុខភាពនៅឃុំភ្លុកស្រុកសេសាន នាថ្ងៃទី១៤ សីហា លោកផែនប៊ុនភឿនប្រធានតំបន់អង្គការភ្លែនកម្ពុជាប្រចាំខេត្តស្ទឹងបានមានប្រសាសន៍ថា ការផ្តល់សម្ភារទំាងនេះជាយន្តការមួយដែលអង្គការភ្លែនចង់បាន ព្រោះបច្ចុប្បន្នអង្គការដៃគូជាច្រើនរួម​ជាមួយមន្ត្រីសុខាភិបាល បានផ្តល់សារអប់រំមកដល់សហគមន៍ ដើម្បីជួយជំរុញឱ្យគ្រួសារនីមួយៗ មានភាពទទួលខុសត្រូវចំពោះខ្លួននិងក្រុមគ្រួសារ។

លោកបន្តថា វិធានការ ការពារជំងឺនេះ អង្គការភ្លែនរួមជាមួយជ្ញាធរពាក់ព័ន្ធនឹងបន្តយកសម្ភារអនាម័យទៅផ្តល់ប្រជាពលរដ្ឋតាមគ្រួសារនីមួយៗ នៅស្រុកចំនួន៣ទៀត ដូចជាស្រុកសៀមបូក ថាឡាបរិវ៉ាត់និងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីចូលរួមការពារសុខភាពប្រជាសហគមន៍។
លោកបន្តថា៖ចំពោះស្រុក សៀមប៉ាងនិងស្រុកសេសាន បានផ្តល់ជូនប្រជាពលរដ្ឋ ទៅតាមសហគមន៍និងតំបន់គោលដៅបានជាង២០០០គ្រួសារហើយ ដើម្បីឱ្យបងប្អូនយកទៅសម្អាតអនាម័យការពារជំងឺឆ្លងផ្សេងៗផងដែរ។
លោកស្រី ថងប៉ាន ប្រជាពលរដ្ឋនៅភូមិ ឃុំភ្លុក បានអះអាងថា៖ និងយកសម្ភារទាំងនេះទៅប្រើប្រាស់តាមការណែនាំព្រោះ វាពិតជាមានផលប្រយោជន៍សម្រាប់ក្រុមគ្រួសារធ្វើអនាម័យសម្អាតដៃជើង ខ្លួនប្រាណដើម្បីជីវិតរស់នៅមានសុខភាពល្អ ។
លោកហ៊ីង រដ្ឋា អភិបាលរងស្រុកសេសានបានបញ្ជាក់ថា៖ជំងឺកូវីដ១៩ខេត្តស្ទឹងត្រែងមិនមានករណីនាំចូលឬឆ្លងនោះទេ ដូច្នេះចូរបងប្អូនត្រូវតែបង្កើនការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ទាំងការធ្វើអនាម័យ និងជួយរាយការណ៍នូវវត្តមានកូនចៅដែលវិលពីធ្វើពលករក្រៅប្រទេស។
លោកបន្តថា៖វិធានការនេះសូមឱ្យបងប្អូនយកចិត្តទុកដាក់បំផុត ហើយមិនត្រូវលាក់បាំងអ្វីទាំងអស់ ទោះបីជាសមាជិករបស់ខ្លួនក៍ដោយ ត្រូវហ៊ានមកជួបមន្ត្រីសុខាភិបាលជាចាំបាច់បំផុត ដើម្បីទាំងអស់គ្នាលើកកម្ពស់ការបង្ការជម្ងឺកូវីដ១៩នេះ។
សូមបញ្ជាក់ថា៖សម្ភារអនាម័យដែលបានចែកជូននេះ រួមមានធុងទឹក ២ ជើងទម្រ ១ សាប៊ូ លាងដៃ មួយដប ក្រមា១ និងសំឡី អនាម័យ២ដុំ ដើម្បីចូលរួមអនុវត្ត វិធានការរបស់រាជរដ្ឋាភិបាលក្នុងការការពារជម្ងឺកូវីដ១៩កុំឱ្យកើតមានមកដល់សហគមន៍៕