ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីណែនាំដល់បណ្តុំចិញ្ចឹមឃ្មុំឲ្យយកចិត្តទុកដាក់លើបច្ចេកទេសចិញ្ចឹម

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុង
MC៖ ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានជំរុញប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យខិតខំយកចិត្តទុកដាក់ចិញ្ចឹម​ឃ្មុំតាមបច្ចេកទេសអ្នកជំនាញបង្រៀនដើម្បីទទួលបានផលច្រើន ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានណែនាំដល់ប្រជាពល​រដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់តាមការណែនាំពីគ្រូឧទ្ទេសអំពីបច្ចេកទេស និងការមើលថែឃ្មុំ ការបំប៉នឃ្មុំ ដើម្បីធ្វើយ៉ាងណា ឱ្យការចិញ្ចឹមឃ្មុំក្នុងសហគមន៍ ទទួលបានលទ្ធផលល្អប្រសើរ។

ការណែនេះធ្វើឡើងនៅក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំ និងផ្តល់ពូជ សម្ភារចិញ្ចឹមឃ្មុំ​ដល់បណ្តុំ​អាជីវកម្មចិញ្ចឹមឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅសង្កាត់រដ្ឋបាលព្រៃឈើពូជ្រៃ-ក្រង់តេះ ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋចិញ្ចឹមឃ្មុំបានល្អ ហើយលក់បាន​ច្រើនធ្វើឲ្យជីវភាព​កាន់តែល្អប្រសើរឡើងមួយកំរិតថែមទៀត។

ក្នុងឱកាសនោះដែរ លោក សុង ឃាង ក៏បានផ្តល់សំបុកឃ្មុំចំនួន១៦កេះ និងសម្ភារមួយចំនួនដល់សហគមន៍​ព្រៃឈើ អូរចុងណាច នៃបណ្តុំអាជីវកម្មចិញ្ចឹមឃ្មុំ ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីពង្រីកការចិញ្ចឹមឲ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី ដែលជាកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានការគាំទ្រ​ពីរាជរដ្ឋាភិបាល និងអង្គការ IFAD គឺមានបណ្តុំជាច្រើនដូចជា បណ្តុំដំឡូងមី បណ្តុំស្វាយចន្ទី បណ្តុំចិញ្ចឹមមាន់ បណ្តុំចិញ្ចឹមជ្រូក បណ្តុំចិញ្ចឹមត្រី និងបណ្តុំចិញ្ចឹមឃ្មុំ៕