ក្រុមការពារក្តីស្វាគមន៍ការបញ្ចប់សំណុំរឿងប្រឆាំង នឹងលោកអោ អាន របស់អង្គជំនុំជម្រះតុលាការកំពូល នៅចំពោះមុខ អ.វ.ត.ក

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ភ្នំពេញ៖ ក្រុមការពារក្តីស្វាគមន៍ចំពោះសេចក្តីសម្រេច របស់អង្គជំនុំជម្រះតុលាការកំពូលកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អំពីការបញ្ចប់សំណុំរឿងប្រឆាំងនឹង លោក អោ អាន ដែល បានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងប្រឆាំងនឹងមនុស្សជាតិ ប៉ុន្តែត្រូវបានរក្សានូវភាពសច្ចធាណ៍និរទោសរបស់លោក អោ អាន នៅគ្រប់ដំណាក់កាលនីតិវិធី។

ការបដិសេធបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិប្រឆាំងនឹងអង្គជំនុំជម្រះសាលាដំបូងអំពីការខកខានក្នុងការចាប់ផ្តើមការជំនុំជម្រះក្នុងសំណុំរឿង ០០៤/២ អង្គជំនុំជម្រះតុលាការកំពូល គាំទ្រទៅនឹងគោលជំហររបស់ក្រុមការពារក្តីដែលលើកឡើងថា អង្គជំនុំជម្រះសាលាដំបូងមិនបានទទួលយកសំណុំរឿងនេះដោយស្របទៅតាមនីតិវិធីច្បាប់នោះទេ។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំ នៃកិច្ចស៊ើបអង្កេត គឺ ពុំមានភាពជាក់លាក់ និងអាចអនុវត្តបានណាមួយពាក់ព័ន្ធនឹងការបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង អោ អាន និងគ្មានមូលដ្ឋានអំពីការព្រមព្រៀងបញ្ជាក់ថា អោ អាន ស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការនេះយ៉ាងណា
នោះទេ ។
ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម នៅរសៀលថ្ងៃទី១៤ ខែសីហានេះ បានឱ្យដឹងថា ថ្ងៃនេះ សហចៅក្រមស៊ើបអង្កេត បានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូល បានចេញ សេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះកាលពី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០។
អង្គជំនុំជម្រះតុលាការកំពូល បានគូសបញ្ជាក់ផងដែរថា អង្គបុរេជំនុំជម្រះបានធ្វើសេចក្តីថ្លែងការណ៍អំពីការចេញ នូវដីការដំណោះស្រាយពីរ គឺខុសច្បាប់ ដោយយោងតាមវិធានផ្ទៃក្នុងរបស់អ.វ.ត.ក។ ចៅក្រមនៃអង្គបុរេជំនុំជម្រះបានព្រមព្រៀងទៅលើមតិលើការចេញដីការដំណោះស្រាយពីរ និងផ្ទុយគ្នា ដែលពុំ មានអានុភាពតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា លោក អោ អាន ពិតជាមានការសោក ស្តាយចំពោះការឈឺចាប់របស់ជនរងគ្រោះនៅក្នុងសម័យរបបខ្មែរក្រហម ហើយគាត់នៅតែអះអាងនូវភាពគ្មានទោសរបស់គាត់ ។ លោក អោ អាន បានសហការណ៍យ៉ាងពេញលេញនៅគ្រប់ដំណាក់កាលនីតិវិធី ចាប់តាំងសំណុំ រឿងនេះបានចាប់ផ្តើមតាំងពីដំបូង។ លោក អោ អាន នឹងមិនមានមតិយោបល់ទាក់ទងនឹងដំណាក់កាលនីតិវិធីនោះទេ ហើយក្រុមការពារក្តីស្នើសុំដល់អ្នកទាំងអស់គ្នានឹងគោរពដល់ភាពសច្ចធារណ៍និរទោស របស់ លោក អោ អាន ភាពឯកជនរបស់គាត់ និងមិនបន្តទំនាក់ទំនងគាត់ទាក់ទងនឹងបញ្ហានេះទៀត៕