មន្ទីរសុខាភិបាលខេត្តត្រៀមក្រុមគ្រូពេទ្យរួចជាស្រេចដើម្បីពិនិត្យ និងការរក្សាអនាម័យទប់ស្កាត់ជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC.ក្នុងកម្មវិធីសម្រាកសៀមរាបនាឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីសំខាន់ៗរួមមាន៖កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កម្មវិធីប្រកួតម្ហូបអាហារ ផ្សារទឹក កម្មវិធីជិះកង់ កម្មវិធីកីឡាវាយកូនហ្គោល កម្មវិធីដើរព្រៃ និងផ្ទាំងទស្សនីយភាពសិល្បៈជាដើម។

អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍អោយដឹងថាដើម្បីអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តសៀមរាបបានត្រៀមក្រុមគ្រូពេទ្យ ប្រចាំការដើម្បីពិនិត្យមើលអនាម័យ ការពាក់ម៉ាស់ និងការរក្សាគម្លាតក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិតក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងកម្មវិធីសម្រាក​សៀមរាប រយៈពេល៥ថ្ងៃនេះ ក្រុមការងារជំនាញផ្នែកសុខាភិបាល បានរៀបចំឲ្យមានមន្ត្រីនៅប្រចាំការ​គ្រប់កម្មវិធីទាំងអស់ ជាពិសេសនៅតំបន់មាត់ស្ទឹងសៀមរាប ដាក់ទីតាំងចំនួន៣កន្លែង ដោយមាន​ក្រុមគ្រូពេទ្យ​ប្រចាំការ នៅកន្លែងនីមួយៗចំនួន៣ក្រុម និងមានក្រុមចល័តដែលសហការជាមួយ​ក្រុមការងារសហ​ភាពសហព័ន្ធ​យវជនកម្ពុជា ក្នុងការពិនិត្យមើលការរក្សាអនាម័យ ពាក់ម៉ាស់ និងការរក្សាគម្លាតទៅតាមកម្មវិធី និងទីកន្លែងដែលមានអ្នកចូលរួម ។

សំឡេង៖ «យើងបានរៀបចំនៅតាមទីកន្លែងមួយៗមានផ្លូវចូល និងចេញនៅតាមផ្លូវនីមួយៗយើងមានក្រុមការងារ នៅចាំពិនិត្យមើលថា តើបងប្អូនបានពាក់ម៉ាស់ រក្សាគម្លាតទេ យើងមានប្លង់ដើម្បីរក្សាគម្លាតពីម្នាក់ទៅម្នាក់ ធ្វើយ៉ាងណារក្សាឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ នេះគឺសំខាន់ចំពោះកម្មវិធីជិះកង់ក៏មានក្រុមការងារទៅតាមដែរ»។

លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការបង្កើតកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមជានឹងវិធានការពារជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តនៅខេត្ត សៀមរាបកាន់តែច្រើន ប្រកបដោយភាពសប្បាយរីករាយនិងភាពកក់ក្តៅ សុវត្ថិភាពផ្នែកសុខភាព។

លោកប្រធានមន្ទីរក៏បានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់សូមចូលរួមស្តាប់តាមការណែនាំរបស់មន្ត្រីជំនាញសុខាភិបាលត្រូវប្ររកាន់ភ្ជាប់នូវអនាម័យ ពាក់ម៉ាស់ និងគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺផ្សេងៗជាពិសេសជំងឺកូវីដ១៩។

តាមផែនការគ្រោង មន្ទីរសុខាភិបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យប្រមាណជាង១០០នាក់ និងរថយន្ត​សង្គ្រោះ​បន្ទាន់ចំនួន០៥គ្រឿង ដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរមកលេង​​កម្សាន្ត​នៅខេត្តសៀមរាប៕