ស្នងការរាជធានីភ្នំពេញបញ្ជាអោយសមត្ថកិច្ចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅថ្ងៃឈប់សម្រាកខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង
ភ្នំពេញ៖ ឯកឧត្ដម ស ថេត ស្នងការរាជធានីភ្នំពេញបានបញ្ជាអោយសមត្ថកិច្ច ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅថ្ងៃឈប់សម្រាកខាងមុខនេះ ដើម្បីធានាសុវត្ថិភាពនិងផ្តល់ភាពងាយស្រួលដល់​ប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត។

ថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនាឱកាស​ឈប់សម្រាកសងចូលឆ្នាំខ្មែរ នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាន៍ថា នាថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហានេះ គ្រប់អធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំងអស់ត្រូវតែ​យកចិត្តទុកដាក់​លើការសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមគ្រប់ច្រកចេញចូល ដើម្បីកុំអោយមាន​ការកកស្ទះចរាចរណ៍ ជាពិសេសត្រូវបង្ការ និងទប់ស្កាត់ឲ្យបាននូវបទល្មើសនានានៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការបង្កើនការពារសន្តិសុខក្នុងអំឡុងពេលនេះ ដើម្បីទប់ស្កាត់ឲ្យ​បាននូវករណីលួច ឆក់ប្លន់ និងចោរចូលលួចគាស់ផ្ទះយកទ្រព្យសម្បត្ដិ ខណៈដែលប្រជាពលរដ្ឋ​អាចនឹងធ្វើដំណើរការកម្សាន្ដទៅបណ្ដាខេត្ដនានានៅទូទាំងប្រទេស ។

ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្ដទៅបណ្ដាខេត្ដ ត្រូវបិទភ្លើងអគ្គិសនីឱ្យ​បានត្រឹម​ត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យដែលនឹងអាចកើតឡើងជាយថាហេតុ ។

ឯកឧត្តមក៏បានណែនាំមន្រ្តីទាំងអស់ត្រូវតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ គ្រប់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តឲ្យល្អតាមបទបញ្ជាថ្នាក់ដឹកនាំ ក្នុងករណីមិនអនុវត្តតាម ហើយអនុវត្តខុសពីច្បាប់ ឬបទបញ្ជា មន្ត្រីនោះត្រូវទទួលពិន័យតាមច្បាប់របស់កងកម្លាំង៕