ប្រទេសហ្វីលីពីននឹងធ្វើការសាកល្បងប្រើប្រាស់ វ៉ាក់សាំងជំងឺកូវីដ-១៩ របស់រុស្ស៊ីនៅខែតុលា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០​ — ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាក់កាលពីពេលមុនថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាអ្នកសាកល្បងសម្រាប់វ៉ាក់សាំង Sputnik V ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយថា ប្រទេសហ្វីលី-ពីនកំពុងសម្លឹងមើលការសាកល្បងព្យាបាល សម្រាប់វ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ីនៅក្នុងខែតុលាខាងមុខនេះ។ លោកបាននិយាយបន្ថែមថា ការសាកល្បងដំណាក់កាលទី ៣ នេះនៅក្នុងប្រទេស     ហ្វីលីពីនគ្រោងនឹងដំណើរការពីខែតុលា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីក្រុមអ្នកជំនាញបញ្ចប់ការត្រួតពិនិត្យទៅលើលទ្ធផលនៃការសាកល្បងនៅក្នុងប្រទេសរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការបានឱ្យដឹងថា លោកប្រធានាធិបតី Duterte អាចនឹងចាក់វ៉ាក់សាំងនេះនៅដើមខែឧសភា ឆ្នាំ ២០២១ ។

វ៉ាក់សាំងនេះត្រូវបានចុះបញ្ជីជា Gam-COVID-Vac ហើយត្រូវបានគេដាក់ឈ្មោះថា Sputnik V (ដាក់តាមឈ្មោះផ្កាយរណបដំបូងបង្អស់ដែលបានបាញ់បង្ហោះដោយសហភាពសូវៀតក្នុងឆ្នាំ ១៩៥៧) បានឆ្លងកាត់ការសាកល្បងចំនួនពីរដំណាក់កាលរួចមកហើយ។ អ្នកស្ម័គ្រចិត្តដែលបានប្រើប្រាស់វ៉ាក់សាំងនេះបានបង្កើនភាពស៊ាំទៅនឹងមេរោគឆ្លងកូរ៉ូណាវីរុស ដែលយោងទៅតាមវេជ្ជសាស្ត្រអាចផ្តល់ឱ្យពួកគេនូវការការពារយ៉ាងហោចណាស់ពីរឆ្នាំ។

នាយកប្រតិបត្តិមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី លោក Kirill Dmitriev បានប្រកាសពីការសាកល្បងដំណាក់កាលទី ៣ នៅក្នុងសប្តាហ៍នេះ ដោយលោកបានបញ្ជាក់ថា ដំណាក់កាលទី ៣នេះ នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅក្រៅប្រទេស ដូចជានៅក្នុងប្រទេសហ្វីលីពីន អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម។

វ៉ាក់សាំងមេរោគកូរ៉ូណាវីរុសដំបូងគេនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយចំនួននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយគេរំពឹងថា នឹងមានសម្រាប់សាធារណជនទូទៅចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ។ យោងតាមបណ្តាអាជ្ញាធរនានាបានឱ្យដឹងថា ទិន្នផលសរុបរបស់វាត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥០០ លានដូសក្នុងរយៈពេល ១២ខែដំបូង ហើយក្រោយមកវាអាចត្រូវបាននាំចេញ ប៉ុន្តែបន្ទាប់ពីតម្រូវការនៅក្នុងប្រទេសត្រូវបានឆ្លើយតប៕

(ប្រភព Spuntik បកប្រែដោយលោក យា ចិន្តាខន្តី)