ជប៉ុន និងសិង្ហបុរី បន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ ដោយសារជំងឺកូវីដ-១៩ ចាប់ពីខែកញ្ញា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០​  —  កាលពីថ្ងៃទី ១៣ ខែសីហា ប្រទេសជប៉ុន និងសិង្ហបុរី បានព្រមព្រៀងគ្នាដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរដែលត្រូវបានកំណត់ក្នុងការឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតកូរ៉ូណាវីរុស ចាប់ពីខែកញ្ញាទៅ ដោយផ្តោតទៅលើអ្នកជំនួញ និងជនបរទេសក្នុងលក្ខខណ្ឌដែលពួកគេបានទទួលវិធានការដើម្បីការពារការឆ្លង។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានក្យូដូ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយសមភាគីសិង្ហបុរី គឺលោក Vivian Balakrishnan នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះថា «យើងនឹងត្រូវការតែការបញ្ជាក់អំពីព័ត៌មានលម្អិតតូចៗមុនពេលចាប់ផ្តើមការធ្វើដំណើរទស្សនកិច្ចទៅវិញទៅមកតែប៉ុណ្ណោះ»។

លោករដ្ឋមន្រ្តីរូបនេះកំពុងធ្វើដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី ១២ ខែសីហា។

កាលពីថ្ងៃទី ១៣ ខែសីហា លោកបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាជាមួយលោក Mohamed Azmin Ali រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសនេះ និងលោក Hishammuddin Hussein រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីផងដែរ។

បន្ទាប់ពីត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ លោក Motegi នឹងធ្វើទស្សនកិច្ចទៅប្រទេស Papua New Guinea កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែសីហា។

ប្រទេសជប៉ុនបានហាមឃាត់អ្នកទេសចរបរទេសមកពី ១៤៦ប្រទេស និងតំបន់នៅក្នុងពិភពលោកពីការចូលមកក្នុងប្រទេសខ្លួន បើទោះបីជាពួកគេជាអ្នករស់នៅជាអចិន្រ្តៃយ៍ ឬអ្នកស្នាក់នៅរយៈពេលយូរយ៉ាងណាក៏ដោយ។ រដ្ឋាភិបាលទីក្រុងតូក្យូបានបញ្ជាក់អំពីការឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ២០៦នាក់កាលពីថ្ងៃទី ១៣ ខែសីហា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)