ប្រទេសវៀតណាមអំពាវនាវឱ្យមានការដកទណ្ឌកម្ម និងផ្តល់ជំនួយមនុស្សធម៌ ចំពេលដែលកំពុងមានជំងឺរាតត្បាត

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០​ — ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម នឹងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំនួយមនុស្សធម៌ក្នុងបរិបទនៃការរាតត្បាតដោយសារជំងឺកូវីដ-១៩ ។

មន្ត្រីរូបនោះបានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងអំឡុងពេលនៃការជជែកដេញដោលកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមប្រព័ន្ធអ៊ីនធើណេត ស្តីពីជំងឺរាតត្បាត និងបញ្ហាប្រឈមនានាដើម្បីរក្សាសន្តិភាព។

នៅក្នុងសុន្ទរកថារបស់លោក លោកបានបញ្ជាក់អំពីឥទ្ធិពលយ៉ាងជ្រាលជ្រៅពីជំងឺកូវីដ-១៩ ទៅលើគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ ដែលកំពុងគំរាមកំហែងដល់វឌ្ឍនភាពសន្តិភាព និងការងារមនុស្សធម៌នៅក្នុង បណ្តាតំបន់ដែលមានជម្លោះនៅទូទាំងពិភពលោក។

លោក Minh បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ដំណោះស្រាយទូលំទូលាយនានា ដោយលោកបញ្ជាក់ថា ប្រទេសវៀតណាមស្វាគមន៍ចំពោះការអនុម័តសេចក្តីសម្រេចលេខ ២៥៣២ របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការគាំទ្ររបស់ខ្លួនចំពោះបណ្តឹងឧទ្ធរណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់ជាសកល។

លោកបានកោតសរសើរចំពោះតួនាទី នៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការជួយប្រទេសនានា ដោយលោកបាននិយាយបន្ថែមថា ការចូលរួម និងការសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសន្តិភាព និងភាពជឿនលឿនប្រកបដោយចីរភាព។

លោក Minh បានកត់សម្គាល់ថា ប្រទេសវៀតណាម និងប្រទេសសមាជិកអាស៊ានដទៃទៀតបានប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសហគមន៍ ដើម្បីការពារសុខភាពប្រជាជន សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខក្នុងតំបន់ពីគ្រោះមហន្តរាយពីជំងឺកូវីដ-១៩ នេះ។

លោកបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាម នឹងបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះប្រកបដោយជោគជ័យ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)