អ្នកការទូតវៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០​  — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេស៉្បាញ លោក Hoang Xuan Hai បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងចំណោមប្រទេសនានា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដោយជំងឺកូវីដ-១៩ និងគ្រប់គ្រងជំងឺនេះប្រកបដោយជោគជ័យ។

ថ្លែងសុន្ទរកថានៅក្នុងសន្និសីទនិមិ្មតមួយនៅទីក្រុងម៉ាឌ្រីដ ដែលដឹកនាំដោយក្រុមឯកអគ្គរដ្ឋទូតនៃ បណ្តាប្រទេសអាស៊ី – ប៉ាស៊ីហ្វិកប្រចាំនៅប្រទេសអេស្ប៉ាញ អ្នកការទូតវៀតណាមរូបនេះបានចែករំលែកបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ក៏ដូចជាបន្ធូរបន្ថយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីវិបត្តិសុខភាពដល់វិស័យសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះផងដែរ។

លោកបាននិយាយថា ទោះបីជាមានការលំបាកជាច្រើនដែលបណ្តាលមកពីជំងឺរាតត្បាតនេះក៏ដោយ ក៏ប្រទេសវៀតណាមនៅតែកំពុងបំពេញតួនាទីជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២០ យ៉ាងពេញលេញដដែល។

លោក Hai បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់របៀបវារៈនៃឆ្នាំអាស៊ាន ២០២០ ដោយធ្វើការងារដើម្បីពន្លឿនការកសាងសហគមន៍អាស៊ាន និងការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ដោយជំរុញយ៉ាងសកម្មនូវសាមគ្គីភាពផ្ទៃក្នុង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

អ្នកការទូតរូបនេះបានចង្អុលបង្ហាញថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០-២០២១ ប្រទេសវៀតណាមបានស្នើឡើងនូវគំនិតផ្តួចផ្តើមជាក់ស្តែង នឹងធ្វើការងារយ៉ាងសកម្មជាមួយបណ្តាប្រទេសជាសមាជិក UNSC ផ្សេងទៀត ដើម្បីរួមចំណែកដល់ការសម្រេចបានគោលដៅរួមរបស់អង្គការសហប្រជាជាតិ រួមទាំងការរក្សាសន្តិភាព និងសន្តិសុខនៅជុំវិញពិភពលោក។

លោក Hai ក៏បានគូសបញ្ជាក់ផងដែរអំពីការអភិវឌ្ឍប្រកបដោយផ្លែផ្កានៃទំនាក់ទំនងវៀតណាម – អេស្ប៉ាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបង្ហាញនូវជំនឿថា កិច្ចសហប្រតិបត្តិការពហុភាគីរវាងបណ្តាប្រទេសនៅអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ី – ប៉ាស៊ីហ្វិក រួមទាំងប្រទេសវៀតណាមផងនឹងត្រូវបានពង្រីកបន្ថែមទៀតនាពេលខាងមុខ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)