មកស្គាល់ម្ចាស់ជ័យលាភីស្លាកសញ្ញានិងរូបសត្វតំណាង និងបាវចនា SEA GAME 2023នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត
SEA GAME 2023 : យើងបានដឹងរួចហើយថា កម្ពុជាយើងបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣( SEA GAME 2023) និង កីឡាអាស៊ានប៉ារ៉ាហ្គេម(កីឡាជនពិការ) លើកទី១២ឆ្នាំ២០២៣ (ASEAN PARA GAME) ។ ជាមួយនឹងការទទួលធ្ទើម្ចាស់ផ្ទះស៊ីហ្គេមនេះ កម្ពុជាក៏បានបង្កើតនូវគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ។ ហើយថ្មីៗកន្លងមកនេះ CAMSOC ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOCនោះ បានប្រកាសជាផ្លូវការ នូវស្លាកសញ្ញាLOGO រូបសត្វតំណាង Ma scot និង បាវចនាស៊ីហ្គេម២០២៣ ។
• ស្លាកសញ្ញា(LOGO) កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា មាននិមិត្តរូបប្រាសាទអង្គរវត្តពណ៌មាស រូបនាគព័ន្ធ ៤ពណ៌ខុសៗគ្នា ជាមួយកងចំនួន ១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និងពាក្យភាសាអង់គ្លេសខាងក្រោម “The 32nd SEA Games Cambodia Phnom Penh”។
លោក នាង វិសាល ជាម្ចាស់ជ័យលាភីស្លាកសញ្ញាLogoនេះ ។ លោក វិសាល បានឲ្យដឹងថា “ ក្នុងការរចនា logo sea game 2023 នេះ លោកបានចំណាយពេលវេលាប្រមាណជា ៤ ខែក្នុងការធ្វើ និងពិនិត្យក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ SEA GAME 2023(CAMSOC) ។សម្រាប់អត្ថន័យឡូហ្គោមួយនេះ មានអត្ថន័យសំខាន់ៗ ដែលបង្ហាញពីថាមពល វប្បធម៍ អរិយធម៌ និងអត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់របស់ជាតិខ្មែរគ្រប់ជំនាន់ និងស្មារតីនាគព័ន្ធបង្ហាញពីពីភាពសហប្រតិបត្តិការពីបណ្ដាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ ”។
ស្លាកសញ្ញាLogo មាននិមិត្តរូបប្រាសាទអង្គរវត្តពណ៌មាស រូបនាគព័ន្ធ ៤ពណ៌ខុសៗគ្នា ជាមួយកងចំនួន ១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និងពាក្យភាសាអង់គ្លេសខាងក្រោម “The 32nd SEA Games Cambodia Phnom Penh ” ។ រីឯស្លាកសញ្ញាការប្រកួតកីឡាជនពិការមាននិមិត្តរូបដូចគ្នា ខុសតែស្លាកសញ្ញាកីឡាជនពិការអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។
ខ្លឹមសារអត្ថន័យ អត្ថរស់នៃ Logo ទាំងពីរបង្កប់នូវថាមពល នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចេះត្រចង់របស់ខ្មែរគ្រប់ជំនាន់ជាមួយនឹងស្មារតីនាគព័ន្ធ គឺសាមគ្គីភាព សហប្រតិបត្តិការនៃបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក SEA Games។
• ចំពោះរូបសត្វតំណាង (Mascot) គឺជានិមិត្តរូបសុភាទន្សាយមួយគូ ដែលកញ្ញា លី គឹមអាន ជាម្ចាស់ជ័យលាភីលើរូបតំណាងម៉ាស្កុត seagame 2023នេះ ។
កញ្ញា លី គឹមអាន មានអាយុ២៣ ឆ្នាំ ធ្វើការនៅក្រុមហ៊ុនឯកជនមួយ ។ នាងបានឲ្យដឹងថា” រូបតំណាងម៉ាស្កុត seagame 2023នេះ នាងបានរចនាឡើងប្រមាណ៥ ទៅ៦ ខែទាំងការពិនិត្យកែនិងកែសម្រួលជាច្រើនដង ច្រើនដំណាក់កាល ។កញ្ញាបានបញ្ជាក់ថា មូលហេតុដែលរូបតំណាងនេះជារូបទន្សាយ ដោយសារសត្វទន្សាយតំណាងឲ្យសភាវៈល្អ មានគុណធម៌ និងសុភាពរាបសារ ហើយសម្រាប់នៅស្រុកខ្មែរយើងទន្សាយគឺតំណាងឲ្យភាពឆ្លាតវៃមានយុត្តិធម៌ ហើយជាងនេះទៀតឆ្នាំ២០២៣ ជាឆ្នាំថោះជាឆ្នាំរបស់សត្វទន្សាយ ។ ទន្សាយទាំងពីរខាងលើនេះមានឈ្មោះថាបុរីនិងរំដួល ហើយមានពណ៌ខៀវនិងក្រហមតំណាងជាតិខ្មែរ ។ បុរីជាតួអង្គប្រុសដែលកាន់ភ្លើងគប់កីឡា ឯ រំដួលជាតួអង្គស្រីដែលសំពះស្វាគមន៍ភ្ញៀវពីគ្រប់ទិសទី ។ ទន្សាយទាំងពីរនេះ មានសម្លៀកបំពាក់ជាកីឡាករកីឡាការិនីកីឡាល្បុក្កតោខ្មែរ ដែលជាក្បាច់គុន អត្ដសញ្ញាណរបស់ខ្មែរយើង ដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយជាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិអង្គការ UNESCO ផងដែរ” ។
ចំពោះបាវចនាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាវិញនោះគឺ “កីឡារស់ក្នុងសន្តិភាព” “Sports Live in Peace” មានអត្ថន័យស៊ីជម្រៅ ក្នុងគុណប្រយោជន៍នៃសន្តិភាព មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍន។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម(កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕