លីគ(LEAQUE)កំពូលរបស់កម្ពុជារីកចម្រើនខ្លាំង

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត

ភ្នំពេញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោកFelix G.Dalmasបានធ្វើការកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លីគ(LEAQUE)កំពូលរបស់កម្ពុជាមានការរីកចម្រើនខ្លាំង ។

គ្រូបង្វឹកដែលមានសញ្ជាតិអាហ្សង់ទីនរូបនេះ បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាអំឡុងពាក់កណ្ដាលឆ្នាំ២០១៨ ជាមួយនឹងលោក Keisuke Hondaដែលជាអ្នកចាត់ការទូទៅ ។

គ្រូបង្វឹកវ័យក្មេងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានសង្កត់ពីលីគកំពូលកម្ពុជាថា លីគកំពុងមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ មានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើសម្រាប់ការរីកចម្រើននិងការអភិវឌ្ឍ ប៉ុន្តែពិតជាអស្ចារ្យណាស់ ដែលឃើញក្លិបនានាកំពុងឆ្ពោះទៅរកទិសដៅវិជ្ជមាន។

លោកFelix G.Dalmasបាននិយាយដូច្នេះថា ខ្លួនលោកផ្ទាល់ និងក្រុមគ្រូបង្វឹកជម្រើសជាតិតែងតែមើលការប្រកួតរបស់ពួកគេទាំងផ្ទាល់និងតាមវីដេអូ ។ លោកមានអារម្មណ៍ថាក្រុមភាគច្រើននៅឆ្នាំនេះកំពុងព្យាយាមលេងបាល់ទាត់ប្រកបដោយភាពក្លាហាន។

ការប្រកួតប្រជែងជាមួយនឹងការលេងបែបរៀបចំ(Build ups)និងការបញ្ចូលគ្នារវាងកីឡាករនិងកីឡាករ ។ វាពិតជាអស្ចារ្យណាស់សម្រាប់កីឡាករអ្នកគាំទ្រនិងជាពិសេសសម្រាប់ដំណើរវិវឌ្ឍន៍នៃបាល់ទាត់កម្ពុជា។

នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយបើធៀបទៅកាលពី២ឆ្នាំមុន។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញលីគកំពុងឆ្ពោះទៅកាន់ទិសដៅនោះ។ យើងពិតជារីករាយណាស់ដែលបានឃើញកីឡាករក្មេងៗទទួលបានឱកាសលេង។

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកត់សម្គាល់ថា តែលីគរីកចម្រើនគឺក្រុមជម្រើសជាតិនឹងរីកចម្រើនហើយព្រោះក្រុមដែលជាតំណាងឲ្យជាតិ(ជម្រើសជាតិ)កកើតឡើងដោយសារកីឡាករល្អៗដែលលេងឲ្យក្រុមដែលលេងក្នុងលីគ ៕