រដ្ឋសភាជំរុញក្រសួងទេសចរណ៍ធានាសុវត្ថិភាពភ្ញៀវទេសចរពីកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

ភ្នំពេញ៖ រដ្ឋសភា ជំរុញក្រសួងទេសចរណ៍ធានាសុវត្ថិភាពភ្ញៀវទេសចរពីកូវីដ-១៩ ដើម្បីជាប្រយោជន៍ចូលរួមចំណែកជួយឱ្យកំណើនសេដ្ឋកិច្ចជាតិមានភាពប្រសើរឡើងវិញ។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានលើកឡើងថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជា គួរត្រូវបានធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយរវាងគណៈកម្មការជំនាញរដ្ឋសភា និងក្រសួងទេសចរណ៍ សមាជិករដ្ឋសភារូបនេះ បានស្នើឱ្យក្រសួងទេសចរណ៍បន្តសកម្មភាពរបស់ខ្លួន ជាពិសេសក្នុងកិច្ចការជំរុញចលនាទេសចរណ៍ ដោយផ្តោតចម្បងលើការកសាងទំនុកចិត្តដល់ភ្ញៀវទេសចរមិនថាក្នុងស្រុក ឬភ្ញៀវអន្តរជាតិ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងទេសចរណ៍បានចាត់វិធានការដំណោះស្រាយចំពោះវិស័យនេះ ក្នុងបរិបទកូវីដ-១៩ និងក្រោយកូវីដ-១៩ ព្រមទាំងពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា មកដល់ថ្ងៃនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាចម្បងជុំទី៥ហើយ ដែលក្នុងនោះបានដោះស្រាយជួយដល់បុគ្គលិក និយោជក ដែលមានការប៉ះពាល់ជាង៣ម៉ឺននាក់នៅក្នុងវិស័យទេសចរណ៍ តាមរយៈផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារ ក្នុងម្នាក់ សម្រាប់រយៈពេល២ខែ ហើយជុំទី៥នេះ ផ្តល់២ខែបន្តទៀត។ ទន្ទឹមនឹងនេះ ចំពោះផ្នែកឯកជន ប្រតិបត្តិករ អាជីវករ ដែលជាម្ចាស់ភោជនីយដ្ឋាន រាជរដ្ឋាភិបាលបានផ្តល់លើកលែងពន្ធអាជីវកម្ម និងមិនឱ្យអាជីវករបង់ប្រាក់ភាគទានសម្រាប់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស)ទេ ប៉ុន្តែក្នុងដំណាក់កាលនេះ និយោជិតនៅតែទទួល ប.ស.ស ពីរាជរដ្ឋាភិបាលដដែល។ ចំពោះមគ្គទេសក៍ ទោះបីមិនបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ ក៏ប៉ុន្តែអាជ្ញាបណ្ណមគ្គទេសក៍ រាជរដ្ឋាភិបាលមិនឱ្យយកកម្រៃដែរ។

បើតាមការបញ្ជាក់របស់ឯកឧត្ដម ថោង ខុន គិតត្រឹមខែកក្កដាកន្លងទៅនេះ ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ផ្នែកទេសចរណ៍ចំនួន៣ពាន់កន្លែង និងប៉ះពាល់ដល់បុគ្គលិកជាង៥ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍ បានព្យាករថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនលឿនជាងការត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិនៅខែសីហានេះ ដោយសាររាជរដ្ឋាភិបាលបានសម្រេចឱ្យមានថ្ងៃឈប់សម្រាករយៈពេលយូរពីថ្ងៃទី១៧ដល់២១ខែសីហា ដើម្បីសងថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិតកម្មករក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងនៅក្នុងខែកញ្ញាត្រូវនឹងពិធីបុណ្យភ្ជុំបិណ្ឌ៕