កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុបបើទោះមានការផ្ដាច់ EBA២០ភាគរយ ក៏ដោយ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

MC៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុប (EU) បើទោះបីជាសហគមន៍នេះ បានផ្ដាច់ប្រព័ន្ធអនុគ្រោះ​ពន្ធលើគ្រប់​មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ២០ភាគរយពីប្រទេសកម្ពុជាក៏ដោយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍​ថា បើទោះបី EU ផ្ដាច់ EBA ពីកម្ពុជាក៏ដោយ តែមិនមែនមានន័យថា កម្ពុជាមិនអាចនាំចេញទំនិញបាននោះទេ ហើយវាក៏មិនមែនជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះឡើយ។

សម្តេចក្រឡាហោមបន្ថែមទៀតថា ទំនិញកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល គ្រាន់តែបង់ពន្ធតែ​ប៉ុណ្ណោះ។ ដូច្នេះ ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅនឹងបញ្ហា EBAនេះ។

សំឡេង«EBA ហ្នឹងក៏បានចូលជាធរមាន យើងដឹងហើយតាំងពីថ្ងៃទី១២ សីហា ។ ប៉ុន្ដែយើង ក៏មិនមានជំហរអ្វីប្លែក​ពីមុនទេ គឺនៅដដែល គឺយើងខិតខំប្រឹង ដើម្បីជម្នះឧបសគ្គបញ្ហា ប្រឈមទាំងឡាយ អាហ្នឹងអត់ជម្រើសក្រៅពីហ្នឹង ទេ។ ប៉ុន្ដែមិនមែនយើង ផ្ដាច់ទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេ បានសេចក្ដីថា មានទំនាក់ទំនង ជាមួយ​សហគមន៍​អឺរ៉ុប នៅតែមានសារៈសំខាន់ ហើយយើងខិតខំបន្ថែមទៀត ព្រោះថាទំនិញដែលយកទៅអ៊ឺរ៉ុប នូវតែយកបានហ្នឹង គ្រាន់តែខុសគ្នាត្រង់ថាយើងត្រូវបង់ពន្ធ»។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែលឥតកែប្រែ គឺត្រូវការពាររដ្ឋធម្មនុញ្ញ ដោយមិនយក​អធិបតេយ្យ​ភាព និងឯករាជ្យកម្ពុជា ទៅដោះដូរជាមួយជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធណាមួយឡើយ ជាពិសេស​កម្ពុជាមិនលុតជង្គង់សុំទានគេជាដាច់ខាត៕