កម្មវិធីដំណើរកម្សាន្តនៅលើភ្នំគូលែននាថ្ងៃឈប់សម្រាកខាងមុខ មានកញ្ចប់ទេសចរណ៍ចំនួន២ដែលនឹងផ្តល់ភាពសប្បាយរីករាយខ្លំាងដល់ភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC.កម្មវិធីដំណើរកម្សាន្តនៅលើភ្នំគូលែននាថ្ងៃឈប់សម្រាកខាងមុខ មានកញ្ចប់ទេសចរណ៍ចំនួន២គឺទី១-ការដើរព្រៃ ជិះកង់ និងបោះតង់ និង២-ការដើរព្រៃ និងបោះតង់ ដែលនឹង ផ្តល់ភាពសប្បាយរីករាយ ខ្លំាងដល់ ភ្ញៀវទេសចរ ។

រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កាកបាទក្រហមកម្ពុជាខេត្ត និងសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីដំណើរកម្សាន្តនៅលើភ្នំគូលេន ដោយមាន កញ្ចប់ ទេសចរណ៍ចំនួន២ គឺការដើរព្រៃ និងបោះតង់ និងការដើរព្រៃ ជិះកង់ និងបោះតង់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ដល់២២ខែសីហាឆ្នាំ២០២០នេះ។

លោកវ៉ាត់ សុវឿន ជាស្ថាបនឹកក្រុមហ៊ុនមរតកអៅដរ និងជាអ្នករៀបចំកម្មវិធីជិះកង់ បោះតង់នៅលើភ្នំគូលេន បានលើកឡើងនៅពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដំណើរកម្សាន្តនៅលើភ្នំគូលែន មានគោលបំណងដើម្បីបង្ហាញសក្តានុពលសំខាន់ៗ របស់ខេត្តសៀមរាបក្រៅពីប្រាសាទអង្គរវត្ត ទីក្រុងសៀមរាប និងបឹងទន្លេសាប ក៏មានតំបន់ព្រៃឈើលើខ្នងភ្នំគូលេន អាចទស្សនា ទីតាំងសំខាន់ៗជាច្រើនដូចជា ប្រាសាទ បុរាណ ទីតាំងទេសចរវប្បធម៌ ប្រវត្តិសាស្ត្រ និងទីសក្តារៈបូជាដ៏ល្បីល្បាញនៅកម្ពុជា ដែលអ្នកទេសចរ ភាគច្រើនមិនធ្លាប់បានទៅដល់។

លោកបន្តថា ចំពោះការចុះឈ្មោះការចូលរួមកម្មវិធីនេះ អាចស្វែងរកនៅលើទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនទេសចរណ៍ជាដៃគូ និងមានតម្លៃទៅតាមប្រភេទនីមួយៗ ដោយកម្មវិធីទី១ ដើរព្រៃ និងបោះតង់ ចំនួន៥៩ដុល្លារ និងកម្មវិធីទី២ ដើរព្រៃ បោះតង់ និងជិះកង់ ចំនួន៨៩ដុល្លារ។

តម្លៃខាងលើរួមបញ្ចូលមគ្គុទេសទេសចរណ៍ កង់ អាហារសម្រន់ អាហារ៣ពេល និងភេសជ្ជៈ តង់១សម្រាប់មនុស្សពីនាក់ អ្នកថតរូប រថយន្តធ្វើដំណើរ និងសន្តិសុខជាដើម។

សំឡេង៖ប្រជាជនខ្មែរយើងជាប់គាំងមិនបានទៅណាអញ្ចឹង អាចសិក្សារៀនសូត្រពីស្រុកយើង  តាមរយៈ ដំណើរកម្សាន្ត បែបសកម្ម ដូចជាដើព្រៃចឹង ខ្ញុំទទួលស្គាល់ថា ភ្នំគូលេនអ្នកណាក៏ធ្លាប់ទៅ តែជិះឡាន ទៅកន្លែងទឹកធ្លាក់ តែសួរថាប៉ុន្មាននាក់ដែលបានដើព្រៃទៅកន្លែប្រាសាទ បុរាណជាច្រើនដែល មិនអាច ទៅដល់អញ្ចឹងដើម្បីបង្ហាញពីសក្តានុពលថាខេត្តសៀមរាប ក្រៅពីប្រាសាទ ទីក្រុងសៀមរាប បឹងទន្លសាប ។

លោកបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តនៅលើភ្នំគូលែន មានកញ្ចប់ទេសចរណ៍ចំនួន២ គឺ១-ការដើរព្រៃ ជិះកង់ និងបោះតង់ និង២-ការដើរព្រៃ និងបោះតង់ដោយក្រុមទី១ ចេញដំណើរ ថ្ងៃទី ១៨ដល់១៩ ខែសីហា ឆ្នាំ២០២០ គឺថ្ងៃទី១វេលាម៉ោង០១:៣០រសៀលចេញដំណើរពីសាលាខេត្តសៀមរាបទៅកាន់ភ្នំគូលែនដោយរថយន្ត។ ចាប់ផ្តើមដើរពីវត្តព្រះអង្គរជុបដល់ ទឹកជ្រោះបន្ទាប់មកដើរទៅកន្លែងបោះជំរុំ។

ថ្ងៃទី២ដើរទៅទស្សនាព្រះអង្គធំ ទឹកធ្លាក់ ពើងជ្រួញ ពើងត្បាល់ ស្រះដំរី និង ត្រឡប់មកក្រុងវិញ។
ក្រុមទី២ ថ្ងៃទី ២១ដល់២២ ខែសីហា ឆ្នាំ២០២០ថ្ងៃទី១: វេលាម៉ោង០១:៣០រសៀល ចេញដំណើរពី សាលាខេត្ត សៀមរាបទៅកាន់ភ្នំគូលែនដោយរថយន្ត។ចាប់ផ្តើមដើរពីវត្តព្រះអង្គជុបដល់ ទឹកជ្រោះ បន្ទាប់មកដើរទៅកន្លែងបោះជំរុំ។
ថ្ងៃទី២ : ជិះកង់ទស្សនា ព្រះអង្គធំ-ទឹកធ្លាក់-ពើងជ្រួញ ពើងត្បាល់ ស្រះដំរី និង ត្រឡប់មកក្រុងវិញ។
សូមរំឭកថា សម្រាប់ភ្ញៀវទេសចរដែលមានបំណងមកចូលរួមកម្មវិធី«សម្រាកសៀមរាប» សូមកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា ជែល ឬអាល់កុលលាងដៃ និងកុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕