រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រការផ្សព្វផ្សាយរបស់Amazadia Education ដើម្បីផ្តល់ការយល់ដឹងពីជំនាញធ្វើអាជីវកម្ម ពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រចំពោះសកម្មភាពការងារផ្សព្វផ្សាយ របស់ Amazadia Education ទាក់ទងពីការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងការអប់រំផ្សេងៗដល់ប្រជាជនបានយល់ដឹងច្បាស់ពីការ​ចាប់យកជំនាញដែលខ្លួនមានសមត្ថភាព។

ក្នុងឱកាសទទួលជួប លោក នួន សុថេរ៉ូ ស្ថាបនិក Amazadia Education នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងនូវការគាំទ្រចំពោះសកម្មភាពការងារផ្សព្វផ្សាយរបស់ Amazadia Education ទាក់ទងអំពីកិច្ចការងារធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងការអប់រំផ្សេងៗដល់ប្រជាជន ពិសេសសម្រាប់យុវជន អោយបានយល់ដឹងច្បាស់ពីការចាប់យកជំនាញ និងមុខរបរ ដែលខ្លួនមានសមត្ថភាព ហើយចង់ប្រកបមុខរបរនោះ។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីអោយគេគាំទ្រនូវសកម្មភាពការងារ និងការផ្សព្ធផ្សាយរបស់ Amazadia Education មុនដំបូងត្រូវធ្វើយ៉ាងណាអោយគេស្គាល់ ពីតំលៃ និងអ្វីដែលក្រុមការងារបានធ្វើ ។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏ជួយធ្វើការផ្សព្វផ្សាយ នូវរាល់អត្ថបទនានា ដែលបានចេញផ្សាយនៅ Amazadia Education យកមកចុះផ្សាយបន្ត នៅទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងទស្សនាវដ្តីកម្ពុជា ដើម្បីអោយប្រជាជន បានមើលយល់ដឹង ពីកិច្ចការសម្រាប់ប្រកបរបរអាជីវកម្ម និងជំនួញផ្សេងៗនេះ ។

លោក នួន សុថេរ៉ូ ស្ថាបនិក Amazadia Education បានស្នើសុំអនុសាសន៍គាំទ្រក្នុងដំណើរការផ្សព្ធផ្សាយ​អាជីវកម្ម និងខាងផ្នែកសេដ្ឋកិច្ច តាមរយះការសំភាសន៍ អ្នកជំនួញ ម្ចាស់អាជីវកម្ម ដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ដើម្បីយកមកចាក់ផ្សាយ តាមប្រពន្ធ័ផ្សព្ធផ្សាយ សង្គម Facebook YouTube អោយប្រជាពលរដ្ឋ បានយល់ដឹង ។

លោក បានជម្រាបជូនថា បទសំភាសន៍ផ្ទាល់ជាមួយវាគ្មិន ប្រមាណ១០រូប នោះ គឺបាន បកស្រាយពន្យល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដែលអាចទទួលបានផលចំណេញ ក្នុងអាជីវកម្មរបស់ខ្លួន ៕