សម្តេចប្រធានព្រឹទ្ធសភាណែនាំនិស្សិតជាប់អាហារូបករណ៍នៅជប៉ុនត្រូវក្រេបជញ្ជក់ចំណេះដឹងនិងបច្ចេកវិទ្យាទំនើបថ្មីៗ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ សម្តេចប្រធានព្រឹទ្ធសភាបានណែនាំនិស្សិតកម្ពុជាដែលទទួលបាន​អាហារូបករណ៍ទៅ​រៀននៅ​ប្រទេស​ជប៉ុន​ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីចំណេះដឹង​ទាំងអស់នោះ​ចូលរួម​កសាង​អភិវឌ្ឍ​ប្រទេសជាតិ។

នៅក្នុងឱកាសអនុញ្ញាតឲ្យនិស្សិតអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុនចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាព្រឹកថ្ងៃទី១៣ ខែសីហានេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជាពេលទៅសិក្សានៅប្រទេសជប៉ុនត្រូវយកអស់ពីកម្លាំកាយស្មារតី និងកម្លាំងប្រាជ្ញាខិតខំរៀសូត្រសំដៅធ្វើយ៉ាងណាពេលបញ្ចប់ការសិក្សាឲ្យទទួលបាននិទ្ទេសខ្ពស់។

ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឹងម៉ាត់នូវច្បាប់ ទម្លាប់ប្រពៃណីរបស់ប្រទេសជប៉ុន អនុវត្តឱ្យបានម៉ឹង​ម៉ាត់​នូវវិន័យរបស់សាកលវិទ្យាល័យ ដោយខិតខំព្យាយាមរៀនសូត្រ ដើម្បីបង្ហាញឱ្យមិត្តរួមថ្នាក់ រួមសាលា និងប្រជាជនជប៉ុន បានឃើញអំពីអត្តចរិតថ្លៃថ្នូរ រាបសារ ឧស្សាហ៍ព្យាយាម និងអត់ធ្មត់។

ត្រូវរក្សាខ្ជាប់នូវទំនាក់ទំនងល្អជាមួយនិងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិករបស់​សាកល​វិទ្យាល័យ និងប្រជាជនជប៉ុន ដើម្បីផ្សព្វផ្សាយអំពីសភាពការពិត ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ សក្តានុពលដ៏​សម្បូរ​បែប​របស់ប្រទេសជាតិយើង ធ្វើឱ្យពួកគេយល់កាន់តែច្បាស់ ហើយអូសទាញភ្ញៀវទេសចរជប៉ុន និងវិនិយោគិន​ជប៉ុន​​ឲ្យមកបណ្តាក់ទុននៅកម្ពុជា ។ត្រូវរក្សាទំនាក់ទំនងល្អជាមួយនឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ​​ប្រទេសជប៉ុន ដើម្បីទទួលបាន​នូវព័ត៌មានថ្មីៗ ។

ជាមួយគ្នានោះ សម្តេចណែនាំឲ្យក្រុមនិស្សិតត្រូវយកចិត្តដាក់ខ្ពស់ថែរក្សាសុខ​​ភាពផ្ទាល់ខ្លួនដើម្បីចៀស​​វាងការឆ្លង​​ជំងឺកូវីដ១៩។
លោកវុនផានិតតំណាងនិស្សិតអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុនបានសន្យាអនុវត្តតាមការណែនាំរបស់សម្តេចដោយខិតខំរៀនសូត្រយកចំណេះដឹងថ្មីៗចូលរួមអភិវឌ្ឍជាតិ។

លោកមានមោទនភាព ដែលកាលពីខែមីនាឆ្នាំ២០២០រដ្ឋាភិបាលជប៉ុនបានសម្រេចជ្រើសរើសបេក្ខជនជ័យលា​ភី​សម្រាប់អាហារូបករណ៍(JDS)ចំនួន២៤រូបដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន។
អាហារូបករណ៍ JDS គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០០ ក្នុងនោះមានគោលដៅជួយលើកស្ទួយការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អាហារូបករណ៍នេះ ជ្រើសរើសមន្ត្រីរាជការតាមក្រសួង និងស្ថាប័នរដ្ឋនានាដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ការបន្តការ​សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំនៅតាមសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន។
គិតរហូត​​មកដល់ពេលនេះមាននិស្សិតចំនួន៤១៦នាក់ត្រូវបាន​បញ្ជូនទៅសិក្សានៅ​ប្រទេសជប៉ុន​តាមជំនាញ​សិក្សារៀងៗខ្លួន៕