សម្តេចប្រធានព្រឹទ្ធសភា ផ្តល់អនុសាសន៍ ៦ចំណុច ដល់និស្សិតអាហារូបករណ៍ អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន ខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានប្រកប ដោយសក្តានុពលសម្រាប់ប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបាន ផ្តល់អនុសាសន៍ ៦ចំណុច ដល់ក្មួយៗនិស្សិតអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុនឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សរបស់ប្រទេសកម្ពុជាប្រកប ដោយសក្តានុពលនាពេលអនាគត។

ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស របស់ ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនចេញដំណើរទៅបន្តការ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យនានា នៃប្រទេស ជប៉ុន នាព្រឹកថ្ងៃទី១៣ ខែសីហានេះ  នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ក្មួយៗបានធ្វើជាមន្ត្រីរាជការហើយ ពេលនេះត្រូវបានប្រទេសជប៉ុន ផ្តល់ ឱកាសឱ្យក្មួយៗបានទៅរៀនសូត្របន្ត ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាធនធានមនុស្សដ៏ មាន សក្តានុពលរបស់ប្រទេសជាតិនាពេលអនាគត។

ប្រការដែលក្មួយៗត្រូវយកចិត្តទុកដាក់នោះគឺ៖ ទី១-សូមក្មួយៗពេលទៅសិក្សានៅ ប្រទេសជប៉ុន ត្រូវយកអស់ពីកម្លាំកាយ កម្លាំចិត្ត កម្លាំងស្មារតី និងកម្លាំងប្រាជ្ញាខិតខំរៀន សូត្រសំដៅធ្វើយ៉ាងណាពេលបញ្ចប់ការសិក្សាឱ្យទទួលបាននិទ្ទេសខ្ពស់។ ទី២-សូមយកចិត្ត ទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ ទម្លាប់ ប្រពៃណីរបស់ប្រទេសជប៉ុន អនុវត្តឱ្យបានម៉ឺង ម៉ាត់នូវវិន័យរបស់សាកលវិទ្យាល័យ ដោយខិតខំព្យាយាមរៀនសូត្រ ដើម្បីបង្ហាញឱ្យ មិត្តរួមថ្នាក់ សាលា និងប្រជាជនជប៉ុន បានឃើញអំពីអត្តចរិតថ្លៃថ្នូរ រៀបសារ ឧស្សាហ៍ ព្យាយាម និងអត់ធ្មត់របស់ជនជាតិខ្មែរយើង។ ទី៣-សូមក្មួយៗខិតខំក្រេបជញ្ជក់នូវបច្ចេកវិទ្យា ទំនើបថ្មីៗ ចំណេះដឹង បទពិសោធន៍ល្អទាំងឡាយ ដើម្បីពេលក្មួយៗត្រឡប់មកប្រទេសជាតិ វិញ យកចំណេះដឹងទាំងអស់នោះចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ។ ទី៤-ត្រូវរក្សាភ្ជាប់ នូវទំនាក់ទំនងល្អជាមួយនឹងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិក របស់សាកលវិទ្យាល័យ និងជាមួយនឹងប្រជាជនជប៉ុន ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ អំពីសភាពការពិត ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ សក្តានុពលដ៏សម្បូរបែប របស់ប្រទេស ជាតិយើង ដើម្បីឱ្យពួកគេយល់កាន់តែច្បាស់ ហើយជួយផ្សព្វផ្សាយ អូសទាញភ្ញៀវទេសចរ ជប៉ុនមកទស្សនា និងអ្នកវិនិយោគទុនមកបណ្តាក់ទុននៅ ប្រទេសកម្ពុជាឱ្យបានកាន់ តែច្រើនថែមទៀត។ ទី៥-សូមរក្សាទំនាក់ទំទងល្អជាមួយនឹងស្ថាន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន ដើម្បីទទួលបាន នូវព័ត៌មានថ្មីៗ និងអាច ជួយដោះស្រាយបញ្ហាមួយចំនួនដែលក្មួយៗមានសំណូមពរ។ ទី៦-សូមយកចិត្តដាក់ ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន គឺត្រូវឧស្សាហ៍លាងដៃជាមួយនឹង សាប៊ូឱ្យបាន ញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតឱ្យខ្ជាប់ខ្ជួនជាប្រចាំ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា នៅពេលដែលក្មួយៗបញ្ចប់ការសិក្សា ត្រឡប់មកវិញ នឹងក្លាយជាធនធានមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយសក្តានុពល ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិយើងឱ្យក្លាយទៅប្រទេស ដែលមានការ រីកចម្រើនខ្ពស់ ដូចបណ្តាប្រទេសនៅក្នុងតំបន់ និងក្លាយទៅជា សង្គមដែលមានអរិយធម៌ សេចក្តីស្រឡាញ់ ហើយគ្មានការកើតឡើងវិញនូវសម័យសង្គ្រាម នូវរបបប្រល័យពូជសាសន៍ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀតឡើយ។

សម្តេចប្រធានព្រឹទ្ធសភាក៏បានជូនពរដល់ក្មួយៗ ដែលទៅបន្តការសិក្សាថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសជប៉ុន សូមប្រកប ដោយសុខភាពល្អ បរិបូរណ៍ និងវិលត្រឡប់មកមាតុភូមិប្រកបដោយសុវត្ថិភាព និងជោគ ជ័យ។

តាមរបាយការណ៍របស់លោក វុន ផានិត តំណាងនិស្សិតអាហារូបករណ៍ អភិវឌ្ឍ ធនធានមនុស្សរបស់ប្រទេសជប៉ុនបានឱ្យដឹងថា  រដ្ឋាភិបាលជប៉ុនបានសម្រេចជ្រើសរើស បេក្ខជនជ័យលាភីសម្រាប់អាហារូបករណ៍ (JDS) ចំនួន២៤រូប ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញា បត្រជាន់ខ្ពស់រយៈពេល២ឆ្នាំនៅប្រទេសជនប៉ុន។

លោកបន្តថា អាហារូបករណ៍ JDS គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០០ ក្នុងនោះមានគោលដៅជួយលើកស្ទួយការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អាហារូបករណ៍នេះមានបំណងជ្រើស រើសមន្ត្រីរាជការ តាមក្រសួង និងស្ថាប័នរដ្ឋនានា ដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ការ បន្តការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសជប៉ុន។ គិតរហូតមកដល់ពេលនេះ មាននិស្សិតចំនួន៤១៦នាក់ ត្រូវបានបញ្ជូនទៅ សិក្សានៅ ប្រទេសជប៉ុនតាមជំនាញសិក្សារៀងៗខ្លួន៕

ដោយ ប៉ាល់ សុង