ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិនិត្យមើល ស្ថានភាពនៅក្នុងប្រទេសលីបង់ និងស៊ូដង់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ — ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំតាមអ៊ិនធើណេតមួយ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសលីបង់ និងការវិវឌ្ឍថ្មីៗនៅក្នុងតំបន់ដាហ្វួរ (Darfur) របស់ប្រទេសស៊ូដង់។

អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ លោក Jan Kubis បានផ្តល់ជូនអ្នកចូលរួមកិច្ចប្រជុំនេះនូវបច្ចុប្បន្នភាពស្តីពីប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏សាហាវមួយកាលពីថ្ងៃទី ៤ ខែសីហា នៅទីក្រុងបេរូត (Beirut) រួមជាមួយនឹងសកម្មភាពដែលកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនោះ (UNIFIL) បានអនុវត្តដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្រោមដំណោះស្រាយនានារបស់ UNSC ដែលពាក់ព័ន្ធ។

បណ្តាប្រទេសជាសមាជិក UNSC បានសម្តែងការអាណិតអាសូរចំពោះប្រជាជនលីបង់ចំពោះការបាត់បង់ធនធានមនុស្ស និងទ្រព្យសម្បត្តិ ក៏ដូចជាការលំបាកដែលបង្កឡើងដោយការផ្ទុះនេះ។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមរំលែកទុក្ខដល់ប្រទេសលីបង់ដែលជាប្រទេសមានពលរដ្ឋរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ និងក្រុមគ្រួសាររបស់ជនរងគ្រោះផងដែរ។

លោកបានសម្តែងការព្រួយបារម្ភអំពីប្រទេសលីបង់ដែលកំពុងប្រឈមមុខនឹងវិបត្តិជាច្រើនក្នុងពេលតែមួយ ហើយស្ថានភាពនៅទីនោះកាន់តែមានភាពអាក្រក់ទៅៗ នឹងបង្ហាញសញ្ញានៃការគ្រប់គ្រងលែងបាន។

អ្នកការទូតរូបនេះបានលើកឡើងថា អាទិភាពកំពូលនៅពេលនេះ គឺការផ្តល់ជំនួយសង្គ្រោះដល់ជនស៊ីវិល ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយមនុស្សធម៌សម្រាប់ប្រទេសនេះ។

លោក Quy បាននិយាយថា ក្នុងបរិបទបច្ចុប្បន្ននេះ UNIFIL មានតួនាទីសំខាន់ជាងនេះទៅទៀតក្នុងការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នឹងជួយប្រទេសលីបង់ឱ្យជៀសផុតពីគ្រាលំបាកទាំងនេះ។

ទាក់ទងនឹងស្ថានភាពថ្មីៗនេះនៅតំបន់ដាហ្វួររបស់ប្រទេសស៊ូដង់ ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំទ្វីបអាហ្វ្រិក លោក Bintou Keita បាននិយាយថា អំពើហិង្សាក្នុងចំណោមសហគមន៍មាននិន្នាការកើនឡើងនៅភាគខាងជើង និងភាគខាងលិចតំបន់ដាហ្វួរនាពេលថ្មីៗនេះ ជាពិសេសនៅក្នុងខែកក្កដាដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ជំហានថ្មីនៅក្នុងតំបន់នេះ។

សមាជិក UNSC ក៏បានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅតំបន់ដាហ្វួរ ជាពិសេសអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងសហគមន៍មូលដ្ឋាន។ ពួកគេក៏បានទទួលស្គាល់ផងដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ូដង់ក្នុងការដោះស្រាយបញ្ហានេះ នឹងបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធនៅតំបន់ដាហ្វួរនឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយនាពេល ឆាប់ៗនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)