អ៊ីរ៉ង់ត្រៀមខ្លួនជួយប្រទេសលីបង់ក្នុងការកសាងឡើងវិញ នូវកំពង់ផែបេរូតដែលត្រូវបានបំផ្លាញ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយប្រទេសលីបង់ក្នុងការកសាងឡើងវិញនូវកំពង់ផែបេរូតដែលត្រូវបានបំផ្លាញបន្ទាប់ពីការផ្ទុះដ៏ធំមួយដែលបានវាយប្រហារតំបន់នោះកាលពីសប្តាហ៍មុន។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយថា វាដល់ពេលហើយដើម្បីជួយប្រទេសលីបង់ជំនួសឱ្យការប្រើប្រាស់ស្ថានការណ៍សម្រាប់គោលបំណងឱកាសនិយម។ លោក រូហានី បាននិយាយបន្ថែមថា អ៊ីរ៉ង់បានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តរួចហើយ និងត្រៀមខ្លួនជួយបន្ថែមទៀត។

លោក រូហានី បាននិយាយនៅឯសម័យប្រជុំរដ្ឋាភិបាលមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍អ៊ីរ៉ង់ថា «ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់ [លោក មីឆែល អួន] ខ្ញុំបាននិយាយថា ប្រសិនបើពួកគេត្រូវការអ្វីមួយ ពួកគេគួរតែនិយាយចេញមក ហើយយើងនឹងជួយពួកគេ សូម្បីតែនៅក្នុងការស្តារកំពង់ផែឡើងវិញក៏ដោយ។ យើងត្រៀមខ្លួនរួចហើយក្នុងការជួយ»។

គ្រោះមហន្តរាយនៅទីក្រុងបេរូត (Beirut) បានជំរុញឱ្យមានការស្រែកតវ៉ាជាសាធារណៈ និងការតវ៉ាធំៗ នៅក្នុងប្រទេសលីបង់ ដែលបណ្តាលឱ្យរដ្ឋាភិបាលបានលាលែងពីតំណែង។

ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយបន្ថែមថា លីបង់ត្រូវការការឯកភាព ភាពស្ងប់ស្ងាត់ និងការគាំទ្រ។

ការផ្ទុះដ៏ខ្លាំងមួយបានសម្លាប់មនុស្សជាង ១៧០នាក់ និងរាប់ពាន់នាក់ទៀតរងរបួសកាលពីថ្ងៃទី ៤ ខែសីហា។ យោងតាមអាជ្ញាធរបានឱ្យដឹងថា ការផ្ទុះនេះបណ្តាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០តោនដែលត្រូវបានរឹបអូសដោយសេវាកម្មគយក្នុងឆ្នាំ ២០១៤។ បណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើនបានផ្តល់ជំនួយរបស់ពួកគេរួចហើយក្នុងការដោះស្រាយផលវិបាកនៃការផ្ទុះនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)