អ្នកកាសែតជាង ៥០នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសបេឡារុស្សកាលពីសប្តាហ៍មុន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ សមាគមអ្នកកាសែតបេឡារុស្សបាននិយាយថា ទីភ្នាក់ងារសន្តិសុខបេឡារុស្សបានឃាត់ខ្លួនអ្នកកាសែតចំនួន ៥៥នាក់ក្នុងសប្តាហ៍នេះ ដោយក្នុងនោះមានអ្នកកាសែតចំនួន ៤១នាក់ត្រូវបានចាប់ខ្លួនកាលពី ២ថ្ងៃមុន នៅក្នុងការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

អង្គការមិនមែនរដ្ឋាភិបាលបេឡារុស្សបានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមការបោះឆ្នោតថ្ងៃទី ៤ ខែសីហា មក ការឃុំខ្លួនមានការកើនឡើង។ កាលពីថ្ងៃទី ៧ ខែសីហា អ្នកសារព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ Time លោកស្រី Irina Romaliyskaya និងលោក Ivan Grebenyuk (អ៊ុយក្រែន) និងលោកស្រី Yuri Baranyuk (រុស្ស៊ី) ត្រូវបានគេចាប់ឃុំខ្លួន។ ពួកគេត្រូវបាននិរទេសចេញពីប្រទេសបេឡារុស្ស ហើយត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសនេះរយៈពេល ១០ឆ្នាំ។

កាលពីថ្ងៃអាទិត្យ អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Daily Storm លោក Anton Starkov និងលោក Dmitry Lasenko ត្រូវបានឃុំខ្លួន ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ។ អ្នកថតរូបម្នាក់នៃទីភ្នាក់ងារសារព័ត៌មាន Associated Press ឈ្មោះ Mstislav Chernov បានរងរបួសហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នៅថ្ងៃដដែលនោះ ក្រុមអ្នកផលិតខ្សែភាពយន្តនៃប៉ុស្តិ៍ទូរទស្សន៍ Dozhd របស់ប្រទេសរុស្ស៊ី ត្រូវបានចាប់ឃុំខ្លួន ហើយក្រោយមកត្រូវបានគេនិរទេសចេញពីប្រទេសបេឡារុស្ស។ អ្នកកាសែតប៉ូឡូញម្នាក់ លោក Vitold Dobrovolsky ក៏ត្រូវបានគេចាប់ឃុំខ្លួនផងដែរកាលពីថ្ងៃចន្ទ។

ក្រសួងមហាផ្ទៃបេឡារុស្សកំពុងស៊ើបអង្កេតទៅលើឧប្បត្តិហេតុ នៃការរាំងដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកកាសែត។ អ្នកនាំពាក្យក្រសួងនេះ លោកស្រី Olga Chemodanova បាននិយាយថា «យើងនឹងមិនទុករឿងនេះដោយគ្មានការយកចិត្តទុកដាក់នោះទេ» ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)