កាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលសមាជិកអចិន្ត្រៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ — រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Argumenty i Fakty ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា កាលបរិច្ឆេទនៃការប្រជុំកំពូលរបស់សមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (P5) នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះកំពុងដំណើរការនៅឡើយ។

លោក Lavrov បាននិយាយថា «យើងកំពុងធ្វើការទៅលើទិដ្ឋភាពនានានៃព្រឹត្តិការណ៍នាពេលខាងមុខនេះ ដោយមិនទាន់មានកាលបរិច្ឆេទពិតប្រាកដនៅឡើយទេ»។

យោងតាមលោករដ្ឋមន្ត្រីរូបនេះបានឱ្យដឹងថា ប្រទេសរុស្ស៊ីប្តេជ្ញាថា នឹងធ្វើឱ្យមានលទ្ធផលជាក់ស្តែងនៃការរៀបចំកិច្ចប្រជុំនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន។

លោកបាននិយាយថា «កិច្ចប្រជុំកំពូលនេះមានមូលដ្ឋានរឹងមាំនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលនឹងអនុញ្ញាតឱ្យមានការបើកកិច្ចសន្ទនាយ៉ាងម៉ឺងម៉ាត់ និងដោយផ្ទាល់ពីបណ្តាមេដឹកនាំទាំងនោះទៅលើគោលការណ៍នៃអន្តរកម្មនៅក្នុងកិច្ចការពិភពលោក និងមធ្យោបាយដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតរបស់មនុស្សជាតិ ព្រមទាំងខិតទៅជិតការអនុម័តលើវិធានទូទៅនៃការប្រព្រឹត្ត ដែលរួមមានទាំងគោលបំណងដើម្បីថែរក្សាសន្តិភាពសកលលោក និងការពារការប្រឈមមុខផ្នែកយោធាទ្រង់ទ្រាយធំផងដែរ»។

ថ្លែងនៅក្នុងវេទិការហាយនភាពពិភពលោក (World Holocaust Forum) កាលពីថ្ងៃទី ២៣ ខែមករា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលនៃសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០២០ នេះ។ ប្រទេសរុស្ស៊ីស្នើឱ្យពិភាក្សាអំពីគោលការណ៍រួមនៅក្នុងកិច្ចការអន្តរជាតិ ការគ្រប់គ្រងអាវុធ និងបញ្ហាសន្តិសុខផ្សេងៗទៀត ក៏ដូចជាការជម្នះនូវផលវិបាកនៃជំងឺរាតត្បាតឆ្លងមេរោគកូរ៉ូណាវីរុស៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)