កូរ៉េខាងត្បូងត្រៀមកាត់បន្ថយការធ្វើសមយុទ្ធនិម្មិត ជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ កាសែត Chosun Ilbo របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមត្រៀមសម្រាប់ការធ្វើសមយុទ្ធរដូវក្តៅរួមគ្នាជាមួយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះដែលនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយតួចមួយ ដោយសារតែមេរោគកូរ៉ូណាវីរុស។

យោងតាមការរាយការណ៍នេះបានឱ្យដឹងថា សមយុទ្ធនេះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៨ ខែសីហា។

ការត្រៀមរៀបចំរបស់កូរ៉េខាងត្បូងបានចាប់ផ្តើមនៅថ្ងៃអង្គារនេះ ហើយរួមមានទាំងការបណ្តុះ បណ្តាលបុគ្គលិកគ្រប់គ្រងវិបត្តិផងដែរ។

កាលពីខែកុម្ភៈ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានផ្អាកសមយុទ្ធយោធារួមគ្នា Key Resolve, Foal Eagle និង Ulchi-Freedom Guardian និងជំនួសមកវិញដោយសមយុទ្ធ Dong Maeng ។

ដំបូងឡើយ សមយុទ្ធ Dong Maeng ត្រូវបានគេសន្មត់ថា ជាការចូលរួមជាមួយកងទ័ព និងឧបករណ៍យោធាពិត បើទោះបីជាបរិមាណមានការថយចុះក៏ដោយ។ ដោយសារតែជំងឺរាតត្បាតបានបង្កភាពស្មុគស្មាញដល់ការមកដល់របស់កងទ័ពសហរដ្ឋអាមេរិក រដ្ឋាភិបាលកូរ៉េខាងត្បូងបានកាត់បន្ថយទ្រង់ទ្រាយនៃសមយុទ្ធនេះបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដោយលុបចោលការហ្វឹកហាត់នៅពេលយប់។

ការធ្វើសមយុទ្ធយោធា Dong Maeng នៅក្នុងខែមីនាត្រូវបានលុបចោលកាលពីដើមឆ្នាំនេះ ដោយសារតែបញ្ហាជំងឺកូវីដ-១៩៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)