កិច្ចចរចាកិច្ចព្រមព្រៀង RCEP ឈានដល់ដំណាក់កាលចុងក្រោយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Jerry Sambuaga បាននិយាយថា ដំណើរការកិច្ចចរចាស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានឈានដល់ដំណាក់កាលចុងក្រោយ ហើយកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខានាពេលខាងមុខឆាប់ៗនេះ។

លោកបានកត់សម្គាល់ថា ដំណើរការនេះតម្រូវឱ្យអ្នកចរចាឥណ្ឌូណេស៊ីខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍ជាតិ ព្រោះការដុសខាត់ច្បាប់ គឺជាដំណើរការសំខាន់មួយ។

លោកបានពន្យល់ថា ភាសាច្បាប់ពេលខ្លះអាចមានការបកស្រាយច្រើន។ ដូច្នេះវាជាការសំខាន់ណាស់ដើម្បីធ្វើឱ្យប្រាកដថា ដំណោះស្រាយនេះមិនផ្លាស់ប្តូរខ្លឹមសារនៃផលប្រយោជន៍របស់ឥណ្ឌូណេស៊ី។

លោក Iman Pambagyo ប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP អាស៊ាន និងជាអគ្គនាយកនៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបាននិយាយថា ជាមួយនឹងការបញ្ចប់កិច្ចចរចាពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរបស់កិច្ចព្រមព្រៀង RCEP ប្រទេសឥណ្ឌូណេស៊ីសង្ឃឹមថា នឹងទទួលបានទីផ្សារកាន់តែធំ ហើយ​នឹងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

លោកបាននិយាយបន្ថែមថា ទន្ទឹមនឹងនេះដែរ ប្រទេសនេះត្រូវកែលម្អផលិតផលដែលមានគុណភាព ស្លាកយីហោ ភ័ស្តុភារ និងប្រព័ន្ធទូទាត់ឱ្យមានភាពល្អប្រសើរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)