ប្រទេសឥណ្ឌូណេស៊ីចង់ផលិតវ៉ាក់សាំងមេរោគកូរ៉ូណាវីរុសនៅពាក់កណ្តាលឆ្នាំ ២០២១

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ​ វីដូដូ បាននិយាយថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ប្រទេសឥណ្ឌូណេស៊ីបាន នឹងកំពុងបង្កើតវ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសដែលមានម៉ាកឈ្មោះថា មេរ៉ាពូទី (Merah Putih) ដែលសង្ឃឹមថា វានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១ ។

ប្រធានាធិបតីរូបនេះ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលដែលលោកធ្វើទស្សនកិច្ចទៅកាន់ខេត្តជ្វាខាងលិចកាលពីថ្ងៃទី ១១ ខែសីហា ថា វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុនគ្រប់គ្រងឱសថរបស់រដ្ឋឥណ្ឌូណេស៊ី PT Bio Farma និងក្រុមហ៊ុនជីវឧស្ម័នជីវសាស្ត្រចិន Sinovac Biotech និងម្ចាស់ភាគហ៊ុនដទៃទៀតមកពីប្រទេសអារ៉ាប់រួមអេមីរ៉ាត (UAE) និងសាធារណរដ្ឋកូរ៉េ។

កាលពីថ្ងៃទី ២១ ខែកក្កដា វ៉ាក់សាំងសរុបចំនួន ២.៤០០ដូស មកពីក្រុមហ៊ុន Sinovac ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុន Bio Farma សម្រាប់ការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣ ។

យោងតាមលោក Honesti Basyir នាយកប្រតិបត្តិក្រុមហ៊ុន Bio Farma បានឱ្យដឹងថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំងនេះ គ្រោងនឹងដំណើរការរយៈពេល ៦ខែ ដូច្នេះវាត្រូវបានកំណត់គោលដៅថា នឹងបញ្ចប់នៅខែមករា ឆ្នាំ ២០២១ ។

លោកបាននិយាយបន្តថា ប្រសិនបើការធ្វើតេស្តសាកល្បងប្រព្រឹត្តទៅបានល្អ ក្រុមហ៊ុន Biol Farma នឹងផលិតវានៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ។ លោកបាននិយាយបន្ថែមថា ក្រុមហ៊ុនបានរៀបចំកន្លែងផលិតដែលមានសមត្ថភាពអាចផលិតបាន ២៥០លានដូសក្នុងមួយឆ្នាំ។

ទន្ទឹមនឹងការបង្កើតវ៉ាក់សាំងនេះដែរ ក្រុមហ៊ុន Bio Farma ក៏បានធ្វើការស្រាវជ្រាវចំនួន ៤ផ្សេងទៀតដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស SARS-CoV-2 រួមទាំងការផលិតប្រតិកម្មខ្សែសង្វាក់ Polymerase ជាក់ស្តែង ការព្យាបាលដោយផ្លាស្មា ការបង្កើតមន្ទីរពិសោធន៍ចល័ត BSL 3 ផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)