គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៤នាក់ និងរបួស៤៨នាក់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញរបាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០បានសម្លាប់មនុស្ស៤នាក់ និងរបួស ៤៨នាក់។

យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារ​ណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ ខែសីហា បានកើតឡើងចំនួន​១១លើក បណ្តាល​ឲ្យមានអ្នកស្លាប់៤នាក់ របួសចំនួន៤៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន២១នាក់ និងរបួសស្រាល​ចំនួន​២៧នាក់។  មូលហេតុ បណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទំាង​នេះ គឺបណ្តាលមកពីបើកបរលើសល្បឿន​កំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែង​គ្រោះថ្នាក់ និងកត្តាយានជាដើម​​។

របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទំាង១១លើកនេះ គឺបានបណ្តាលឲ្យខូចខាត ម៉ូតូចំនួន១៤គ្រឿង  រថយន្តធុនតូចចំនួន១០គ្រឿង  រថយន្តធុនធំ ចំនួន៤គ្រឿងនិង យានផ្សេងៗ​​ចំនួន២គ្រឿង។

ជុំវិញបញ្ហានេះសមត្ថកិច្ចនគរបាលនៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍​ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង និងសញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត  ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕