កម្ពុជាគ្រោងចំណាយថវិកាជាង៩០០លានដុល្លារដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាង៩០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំ ដើម្បីទប់ស្កាត់  ការប្រែប្រួលអាកាសធាតុនាពេលខាងមុខនេះ បន្ទាប់ពីកម្ពុជាបានរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ មានការកើនឡើងគួរអោយកត់សម្គាល់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជានៅទីស្តីកាគណៈ រដ្ឋមន្រ្តីឯកឧត្ដមនេត ភក្ត្រា រដ្ឋលេខាធិកាក្រសួងបរិស្ថានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើន ថវិកា មួយគុណនិង៤ដង សម្រាប់អនុវត្ដក្នុងគម្រោងជាង១៧០ នៅក្នុងវិស័យចំនួន១៥ ដើម្បីបន្ស៊ាំនឹងការ​ប្រែប្រួល​អាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធដែលធននឹងអាកាសធាតុ។

ឯកឧត្ដមបន្ដថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ ដើម្បីដោះស្រាយផលប៉ះពាល់ពីការ​ប្រែប្រួលអាកាស​ធាតុ​នេះ ក្នុងគោលបំណងប្រែក្លាយប្រទេសកម្ពុជាឲ្យ​មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេស​​អភិវឌ្ឍន៍​ត្រឹមឆ្នាំ២០៥០។

ឯកឧត្ដមបន្ដទៀតថា ប្រទេសកម្ពុជាគឺជាប្រទេសទទួលរងផលប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ មិន​​មែន​​ជាប្រទេសបង្កនោះទេ ជាក់ស្តែងមានតំបន់ខ្លះនៃប្រទេសកម្ពុជាមានភ្លៀងធ្លាក់​​ច្រើនធ្វើឱ្យជន់លិច​​បង្កជា​ទឹកជំនន់ ឬមានការរាំងស្ងួត និងមានខ្យល់ព្យុះ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ និងផលដំណាំ។ ចំណែកឯការឆ្លើយតបវិញនៅមានកម្រិតចំពោះដំណោះស្រាយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនេះ៕