រដ្ឋមន្ត្រីក្រសួងអប់រំ សម្ពោធបើកដំណើរការគម្រោងកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្តី “រៀនតាមរយៈការលេង និងបរិស្ថាន” នៅខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

នៅរសៀលថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកដំណើរការគម្រោងកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្តី “រៀនតាមរយៈការលេង និងបរិស្ថាន” ផ្អែកលើកម្មវិធីមត្តេយ្យសិក្សារដ្ឋ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាល អភិបាលខេត្ត និងលោកប្រធាន JICA ប្រចាំកម្ពុជា ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា បើទោះបីជាប្រទេសកម្ពជាយើងជួបវិបត្តិជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែក្រសួងថតវីឌីអូរសម្រាប់បណ្តុះ បណ្តាលកុមារកម្រិតមត្តេយ្យសិក្សា និងត្រូវការទាមទារឱ្យមានការចូលរួមពីមាតា បិតា ប្រសិនបើគ្មានការចូលរួមពីមាតា បិតាទេ កុមារមិនអាចសិក្សាបាននោះទេ។

ក្រសួងបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របើកឱ្យដំណើរការសាលារៀនឡើងវិញ ដែលទី១ បើកឱ្យដំណើរការឡើងវិញនូវសាលាដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ ចំនួន ២០សាលា ដើម្បីបន្តការអប់រំ និងនិរន្តរភាពខាងផ្នែកសេដ្ឋកិច្ចផងដែរ ហើយម្យ៉ាងវិញទៀតនាខែកញ្ញា ឆាប់ៗនេះ ក្រសួងត្រៀមនឹងបើកដំណើរការឱ្យសិស្សថ្នាក់ទី១២ និងសិស្សថ្នាក់ទី៩ ចូលរៀនឡើងវិញ ដោយត្រូវធ្វើការបែងចែកវេនសិក្សាគ្នា និងមិនឱ្យលើសពី ១៥ ទៅ ២០នាក់ក្នុងមួយថ្នាក់ និងអនុវត្តន៍អនាម័យ ដោយរៀបចំកន្លែងលាងដៃសម្រាប់សិស្សានុសិស្ស និងហាមការជួបជុំគ្នាច្រើនផងដែរ។
តាមរបាយការណ៍សង្ខេបរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបង្ហាញថា បច្ចុប្បន្នអង្គការសន្តិស្ម័គ្រចិត្រ(SVS) បានសហការគាំទ្រវិស័យអប់រំក្នុងខេត្ត ដោយមានការឧបត្ថម្ភពីក្រសួងការបរទេសជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសាងសង់អគារសិក្សា ២៥ខ្នង មាន ៨៤បន្ទប់ បណ្ណាល័យ និងបំពាក់សម្ភារអាននៅសាលាបឋមសិក្សាចំនួន ៣ខ្នង និងបានអនុវត្តន៍គម្រោងធ្វើឱ្យប្រសេរីឡើងគុណភាពអប់រំកុមារតូច អភិវឌ្ឍន៍សមត្ថភាពសាលាមត្តេយ្យ និងសាលាមត្តេយ្យធនធានគំរូនៅក្នុងក្រុងបាត់ដំបង និងបន្តអនុវត្តន៍តាមសាលាមត្តេយ្យសិក្សាផ្សេងៗទៀតក្នុងខេត្តបាត់ដំបងផងដែរ ៕ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)