រដ្ឋលេខាធិក្រសួងរៀបចំដែនដី ដឹកនាំកិច្ចប្រជុំការអនុវត្តនីតិវិធី ចុះបញ្ជីដីធ្លីនៅស្រុក គាស់ក្រឡ

AKP បាត់ដំបង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព..ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីពិភាក្សាអំពីការអនុវត្តនីតិវិធីបន្តក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ឯកឧត្តម ទេព ធន បានណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងារត្រូវបន្តអនុវត្តន៍នីតិវិធីរបស់ខ្លួនបន្តទៀត ហើយត្រូវធ្វើការទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើការកាប់ទន្ទ្រានដីថ្មី ការបំបែកគ្រួសារថ្មី និង ការបំបែកក្បាលដីថ្មីផងដែរ ។ នៅពេលខាងមុខឆាប់ៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅទីតាំង ភ្នំសំរោង ភូមិសំរោង ឃុំឆ្នាល់មាន់ និង ទីតាំងភ្នំស្នរ ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមជម្រាបជូនដែរថា កន្លងក្រុមការងារថ្នាក់ខេត្ត ដែលមានលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកវិស័យដីធ្លី បានដឹកនាំក្រុមការងារជំនាញចុះស្រង់ទិន្នន័យក្បាលដីសរុប ៣៦០ ក្បាលដី ស្មើនឹង ២៨០គ្រួសារ ដែលស្ថិតនៅក្នុងឃុំឆ្នាល់មាន់ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)