កម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមកម្ពុជានៅខេត្តសៀមរាបនឹងធ្វើរយៈពេល៣ថ្ងៃ ក្នុងឱកាសឈប់សម្រាកខាងមុខ

វិទ្យុជាតិកម្ពុជា ៖ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC.រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាខាកាកបាទ​ក្រហម​កម្ពុជាខេត្ត នឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌រយៈពេល៣ថ្ងៃក្នុងឱកាសឈប់សម្រាក​​ខាងមុខដើម្បី​កៀរគរថវិកា​សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ជួយជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសង្គម ។

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាតាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ​​លោកសំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានឲ្យដឹងថា រហូតមកដល់​ថ្ងៃនេះ​ក្រុមការងារបានរៀបចំ ការចុះឈ្មោះនៅតាមទីតាំងសំខាន់ៗដូចជា នៅមាត់ស្ទឹងសៀមរាបទល់​មុខមន្ទីរ​​គណ​បក្ស​​ប្រជាជនកម្ពុជាខេត្ត នៅតាមហាងលក់កង់ទូទាំងខេត្តសៀមរាប និងការចុះឈ្មោះតាមប្រព័ន្ធ​​អនឡាញ ហើយ​ចំពោះ​​សំបុត្រចូលរួមវិញមានតម្លៃចាប់ពី២៥ដុល្លាសម្រាប់១ថ្ងៃ និង៣៥ដុល្លាសម្រាប់រយៈពេល៣ថ្ងៃ។

លោកបន្តថា កម្មវិធីនេះរៀបចំឡើងបានគិតគូខ្ពស់ពីសុវត្ថិភាពរបស់អ្នកចូលរួម ដោយមុនពេលពេលចាប់ផ្តើម មាន​​ក្រុម​​គ្រូពេទ្យចូលរួមពិនិត្យសុខភាព  វាស់កម្តៅ ចែកម៉ាស់ និងការរក្សាគម្លាតក្នុងការជិះកងផងដែរ។

សំឡេង៖ចំពោះការចុះឈ្មោះរាល់ថ្ងៃយើងបានដាក់ទីតាំងនៅមាត់ស្ទឹង ទី២យើងដាក់នៅតាមហាងកង់ទូទាំងខេត្ត នឹងកំពុងរៀបចំបង្ហោះការចុះឈ្មោះតាមអនឡាញ មានឈ្មោះថាជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហម ការរៀប​​កម្មវិធី​នេះយើងនឹងផ្តល់ជូននៅអាវកម្មវិធីដ៏ស្រស់ស្អាតមួយ មានទឹកសម្រាប់អ្នកចូលរួម ថវិកាក្រៅពីហ្នឹងយើង​​នឹងដាក់ជូនកាកបាទក្រហម អញ្ចឹងការចុះឈ្មោះ២៥ដុល្លាហ្នឹងសម្រាប់១ថ្ងៃ និង៣៥ដុល្លារសម្រាប់រយៈពេល៣ថ្ងៃ​។

កម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមកម្ពុជា មានរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៦ ទី១៨ និងថ្ងៃទី២១ខែសីហា​​ឆ្នាំ២០២០ខាងមុខនេះ មានលក្ខណៈ២សណ្ឋាន គឺការជិះកង់កម្សាន្ត និងប្រភេទជំនាញ មានផែន​​ទីខុសៗ​គ្នា​​ដូច​​ជាថ្ងៃទី៖១ ចាប់ផ្តើមពីរង្វង់មូលផ្លូវ៦០ម៉ែត្រ ចូលទៅកាន់តំបន់អង្គរ ដើម្បីទស្ស​នាប្រាសាទតូចៗ និងត្រូវ​បញ្ចប់នៅលានជលដំរី ថ្ងៃទី៖២ ចាប់ផ្តើមជិះនៅកសិន្ទុអង្គរ និងជិះលើខ្នងកំផែងនៃប្រាសាទបាយ័ន ដើម្បី​​គយគន​់​ទេសភាពដ៏ស្រស់ស្អាតនៅទីនោះ ហើយត្រូវបញ្ចប់នៅលានជលដំរី និងថ្ងៃទី៖៣ ចាប់ផ្តើមចេញដំណើរពីផ្លូវ៦០ម៉ែត្រ ទៅតាមផ្លូវទំបន់អញ្ចាញ ដើម្បីគយគនទេសភាពតាមវាលស្រែនៅក្នុងសហគមន៍ ដោយឆ្លងកាត់ប្រា​សាទមួយ​ចំនួន នឹងត្រូវបញ្ចប់នៅទីលានជលដំរីដូចគ្នា៕