រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ដើម្បី ពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិដែលវិទ្យុជាតិ​​កម្ពុជាទទួល​​បាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្​តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ។
សេចក្ដីប្រកាសដដែលបន្ដថា ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូល​​ជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្​តិការអន្តរ​ជាតិ ដែលនៅក្នុងឱកាសនោះ បញ្ហាទ្វេភាគីនិងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម នឹងត្រូវបានលើកយកមកពិភាក្សា។

សូមបញ្ចាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ នៅព្រះរាជាណាចក្រកម្ពុជា នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕