គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២នាក់ និងរបួស ១០នាក់ កាលពីថ្ងៃទី១១ ខែសីហា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នង ការដ្ឋាន នគរបាលជាតិ បានឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ ខែសីហា បានសម្លាប់មនុស្សចំនួន២នាក់ និងរបួសចំនួន​១០នាក់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់​​ចរាចរណ៍ កើតឡើងចំនួន ៩លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ចំនួន២នាក់ របួសធ្ងន់ ចំនួន៩​​នាក់ និងរបួសស្រាលម្នាក់។ មូលហេតុនៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ទំាងនេះគឺបណ្តាលមកពី បើកបរលើសល្បឿនកំណត់  មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ និងងងុយជាដើម ។

របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទំាង៩លើកនេះ គឺបានបណ្តាលឲ្យខូចខាត ម៉ូតូ ៥គ្រឿង រថយន្តធុនតូច ៥គ្រឿង និងរថយន្តធុនធំ ១គ្រឿង។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តក្រើនរំលឹក​​ដល់ប្រជា​​ពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈការប្រកាន់ស្តាំ កុំបើកបរ​​លើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិ​​ភាពពេល​​បើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាម​​ម៉ូតូ កុំបើកបរបញ្ជ្រាស​​ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕