រដ្ឋបាលរាជធានីភ្នំពេញប្រាប់ឲ្យប្រជាពលរដ្ឋកុំអោយចាញ់បោកជនខិលខូចដែលប្រើល្បិច​​តាម​រយៈ​​​​ការទូទាត់​​ជាសាច់​​ប្រាក់ដោយផ្ទាល់​លើថ្លៃសំរាម

វិទ្យុជាតិកម្ពុជា លោកស្រី ធីណាឌីណេ

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់ប្រជាពលរដ្ឋទំាងអស់ត្រូវទូទាត់ថ្លៃសំរាមតាមប្រព័ន្ធអេឡិចត្រូនិច ខណៈមានករណីជនខិលខូចមួយក្រុមតូចបានឆ្លៀតឱកាសក្លែងបន្លំខ្លួនជាមន្ត្រីរបស់រដ្ឋាករ ស្វយ័ត​គ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ដោយបានឆបោកអតិថិជន ឲ្យធ្វើការ​​បង់​ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយចេញជាមូលប្បទានបត្រ ឬទូទាត់​​ជាសាច់​​ប្រាក់ដោយផ្ទាល់​ជាមួយអតិថិជន។

យោងតាមសេចក្តីជូនដំណឹង ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ ការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មិនត្រូវបានដាក់នៅ​​ក្នុងវិក្កយ​​បត្រអគ្គិស​នីទៀតទេ គឺតម្រូវឲ្យ អតិថិជនត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមមធ្យោ​បាយ​​ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬ បញ្ជរទូទាត់នៅធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bank, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ ផ្សេងៗទៀតដូចជា E MONEY, Lyhour Weiluy, Pi Pay, និង Dara Pay។

ហេតុដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រាល់ការបង់ថ្លៃ​​សេវាប្រ​មូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបង់ទូទាត់ ជាសាច់ប្រាក់នោះទេ ហើយចំពោះ​​ការចេញជាមូលប្បទានបត្រ (Cheque) ត្រូវសរសេរទៅឈ្មោះ      «រដ្ឋាករស្វយ័ត​គ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ» ឬជាភាសាអង់គ្លេស «Phnom PenhSold Waste Managerment Authorty» ដោយផ្ទាល់។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជួបប្រទះនូវបញ្ហាការឆបោកដូចបានរៀបរាប់ជូនខាងលើ សូមកុំធ្វើតាមការឆបោកនោះ ហើយសូមរាយការណ៍តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៨៧ ២៥៨ ៨៣៥ ឬរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដែល ស្ថិតនៅក្នុងមូលដ្ឋានរបស់ បងប្អូន  ដោយ ផ្ទាល់ ដើម្បីធ្វើការចាប់ខ្លួនក្រុមជនខិលខូចទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអា  វុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ព្រមទាំងអាជ្ញាធ រមាន  សមត្ថកិច្ច  ពាក់ព័ទ្ធ ត្រូវចូលរួមសហការឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម នឹងស្ថាប័នឯកជនទាំងអស់ ដែលបានបំពេញកាតព្វកិច្ច ក្នុងការបង់ថ្លៃសេវាប្រមូលសំរាម និង  សំណល់រឹង បានយ៉ាងល្អប្រសើរ៕