ក្រសួងព័ត៌មានបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឆ្ពោះទៅការផ្សាយផ្ទាល់តាមប្រព័ន្ធឌីជីថល

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ក្រសួងព័ត៌មានបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឆ្ពោះទៅការផ្សាយផ្ទាល់តាមប្រព័ន្ធ ឌីជីថល​ស្រប​ពេលដែលកម្ពុជាត្រៀមផ្លាស់ប្តូរផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថលនៅឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការផ្សាយផ្ទាល់តាមប្រព័ន្ធ ឌីជីថលថ្ងៃទី១១ ខែសីហា​​ ឆ្នាំ ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែង​ការរីករាយ​ដែល​​បានឃើញពីលទ្ធផលល្អរបស់សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងជំនាញ ស្តីពីការ​​បញ្ជូន​​​​ព័ត៌មាន​តាមទូរសព្ទ័ដៃ ស្មាតហ្វូន សម្រាប់ប្រព័ន្ធទូរទស្សន៍ ឌីជីថល ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា នៅក្នុងសម័យនេះ ត្រូវតែមានការយល់អោយបានច្បាស់ពីប្រព័ន្ធឌីជីថល ទោះមានសម្ភារនិង ប្រព័ន្ធប្រើប្រាស់តូចក្តី តែក៏អាចប្រើការបានដែរ ជាក់ស្តែងកាលពីមុន សម្រាប់​​ការថតរូបភាពទាល់តែមាន កាំមេរ៉ាធំៗ ទើបថតយកមកផ្សាយនៅទូរទស្សន៍បាន តែឥឡូវគ្រាន់តែ មានទូរសព្ទដៃស្មាតហ្វូន ក៏អាចថតផ្សាយបានដែរ ហើយបានឆាប់រហ័សថែមទៀតផង។

ឯកឧត្តមបន្ថែមថា នៅពេលគេប្រើប្រព័ន្ធ ៥G ពេលនោះ ទូរសព្ទដៃស្មាតហ្វូន អាចប្រើប្រាស់បាន ជំនួស ម៉ាស៊ីន live U ។ ដូច្នេះអ្វីដែលសំខាន់នៅពេលនេះ គឺយើងត្រូវចេះប្រើប្រាស់​​នូវអ្វីដែល​មាន​ក្នុងដៃអោយអស់លទ្ធភាពជាមុនសិន ដោយមិនត្រឹមតែការងារបច្ចេកទេស ប៉ុណ្ណោះទេ គឺ ត្រូវធ្វើយ៉ាងណាចេះរបៀប តើមុំណា ក្នុងការសរសេរព័ត៌មាន ដែលមានការចាប់អារម្មណ៍ ។ ឯកឧត្តម ខៀវ កាញារីទ្ធបញ្ជាក់ថា នៅពេលដែលនិយាយពីទូរទស្សន៍ ឌីជីថល គឺមិនមែន និយាយពីទូរទស្សន៍ផ្សាយតាមរលកធាតុអាកាសប៉ុណ្ណោះទេ ព្រោះឥឡូវព័ត៌មានបានចេញ ពីគ្រប់ប្រភពទាំងអស់ ដោយអាចមើលតាមប្រពន្ធ័ Internet និងតាមផ្នែកជាច្រើនទៀត។ ដូច្នេះសម្រាប់ឱកាសនេះ គឺការរៀនសូត្រ អោយមានជំនាញច្ចេកទេស ក្នុងការជំរុញព័ត៌មាន អោយបានឆាប់ដល់ដៃប្រជាជន ត្រូវយល់ច្បាស់ថា ការងារព័ត៌មាន មិនអាចធ្វើតែម្នាក់ ឯងបានល្អនោះទេ គឺទាមទារអោយមានការរួមសហការគ្នា ទើបទទួលបានជោគជ័យ។

សូមបញ្ជាក់ថា នេះទី១ហើយ ដែលអគ្គនាយកដ្ឋានទូរទស្សន៌ជាតិកម្ពុជា រៀបចំវគ្គ បណ្តុះ​​បណ្តាល​​ស្តី​​ពីការផ្សាយផ្ទាល់តាមប្រព័ន្ធ ឌីជីថល ក្នុងគោលបំណងចែករំលែកបទពិសោធន៍ពីមន្ត្រីជំនាញ ដែលជា​រៀមច្បង​មានបទពិសោធន៍ច្បាស់លាស់ បានសិក្សាស្រាវ ជ្រាវ ហើយបានអនុវត្តជា បន្ត បន្ទាប់មក ជួយចែករំលែកនូវចំណេះដឹង និងចំណេះធ្វើដល់សិក្ខាកាមដែលជាមន្ត្រីវ័យក្មេងនៅក្នុង អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងមន្រ្តីរាជការ មកពីមន្ទីរព័ត៌មាន នៅទូទាំងប្រទេស។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលបានកំណត់ថា នៅឆ្នាំ២០២៣ខាងមុខ ទូរទស្សន៍នៅ​​កម្ពុជានឹង​​ត្រូវប្រើ​​ប្រព័ន្ធ​​ទូរទស្សន៍ឌីជីថលទាំងអស់ ដើម្បីដើរឲ្យទាន់ជាមួយនឹង​​យុគបច្ចេកវិទ្យា​​នៃសម័យ​​ទំនើប​។​ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ពីអាណាឡូកទៅឌីជីថលនេះ គឺមានសំឡេង និងរូបភាពច្បាស់ មានល្បឿន​លឿន រលកសញ្ញាប្រេកង់មិនរំខាន ឬឆ្លងទៅប៉ុស្តិ៍ផ្សេង ដែលផ្តល់​​ភាពងាយ​​ស្រួលដល់​អ្នក​​ទស្សនា​៕