ក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សានិងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវចម្រុះខេត្តកោះកុង

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០–

នៅទីស្តីការក្រសួង នាថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិ និង របៀងអភិរក្សជីវចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា កិច្ចប្រជុំខាងលើមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ អញ្ជើញមកពីព្រឹទ្ធសភា រដ្ឋសភា តំណាងក្រុមការងារថ្នាក់ជាតិ ក្រសួងបរិស្ថាន ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ អភិបាលនៃគណៈអភិបាលខេត្តកោះកុង រដ្ឋបាលខេត្ត និងចៅសង្កាត់ មេឃុំទាំងអស់ក្នុងភូមិសាស្រ្តខេត្តកោះកុង។

នៅក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺ គោរពតាម៖ ១-អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និង សេចក្តីប្រកាសព៌ត័មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ ២-អនុសាសន៍រម្លឹកឡើងវិញដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុង FB ផេកផ្លូវការរបស់សម្តេច នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។ ៣-បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការជំរុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមបណ្តាខេត្តនានា ។

គួរបញ្ចាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូនទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង ដែលមានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះទីវាលក្រុង ស្រុកទាំង៧នៃខេត្តកោះកុង និង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះ៕ ដោយ៖ ពេជ្រ ណារិទ្ធ