រដ្ឋបាលស្រុកបន្ទាយស្រីត្រៀមរួចរាល់ដើម្បីស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្ត

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងាខេត្តសៀមរាប ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០


MC. រដ្ឋបាលស្រុកបន្ទាយស្រីបានត្រៀមរួចរាល់ដើម្បីស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ ចាប់ពីថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ដោយមានរៀបចំកម្មវិធីកម្សាន្តជាច្រើន ពិសេស កម្មវីធីជិះកង់កម្សាន្តឆ្លងកាត់ ដើម្បីទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ តាមបែបប្រពៃណីរបស់អ្នកស្រុកអង្គរ។
អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០នេះ លោកឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា កម្មវិធីសម្រាកសៀមរាបរបស់រដ្ឋបាលខេត្តនាពេលខាងមុខ មានការជិះកង់ឆ្លងកាត់ភូមិព្រះដាក់ នៃស្រុកបន្ទាយស្រី ដូច្នេះទើបរដ្ឋបាលស្រុកបានណែនាំឲ្យប្រជាពលរដ្ឋនៅ ក្នុងភូមិត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ តាមរយៈការដាក់តាំងលម្អរតដោតទង់ជាតិ ការលក់ផលិតផលធ្វើដោយដៃរបស់អ្នកភូមិព្រះដាក ការលក់នំបញ្ចុកនិងមាន់អាំងជាច្រើនកន្លែង។
លោកបន្តថាការរៀបចំកម្មវិធីបែបនេះឡើង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់អាចរកចំណូលបានពីវិស័យទេសចរណ៍ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ រួមទំាងការទាក់ទាញភ្ញៀវទេសចរមក លេងកម្សាន្តកាន់តែច្រើន។
សំឡេង៖«ការរៀបចំយើងគ្រោងមានច្រើន ប៉ុន្តែដោយសារបញ្ហាកូវីដ ការរៀបចំរបស់យើងមិនមានរៀបជាកម្មវិធីអីផ្តុំនោះទេ ការរៀបចំដោយយើងដឹងថា គម្រោងងសម្រាកសៀមរាបរបស់ខេត្តនោះ និងមានការជិះកង់មកភូមិព្រះដាក ចឹងក្នុងនាមជាភូមិគំរូផង និងជាតំបន់ដែលល្បីស្រេចផង យើងដាក់ឲ្យអ្នកភូមិ គាត់រៀបចំត្រៀមខ្លួននៅក្នុងភូមិរបស់គាត់ មានការតុបតែងផ្ទះអ្នកលក់ដូរ ទីកន្លែង ការងាររឿងសំរាម ធ្វើយ៉ាងណាដើម្បីឲ្យមនុស្សរាបម៉ឺននាក់មកឲ្យគាត់បានផលប្រយោជន៍ពីហ្នឹង។កន្លងមកនៅព្រះដាក់មាននំបញ្ចុក លក់មាន់អាំង កង្កែបបោក ប៉ុន្តែយើងចង់បង្កើនចំនួនហ្នឹងច្រើន ចង់ឲ្យមានភាពសំបូរបែបនៃទំនិញដែលគាត់លក់កុំឲ្យលក់តែរបស់ប៉ុន្មានមុខហ្នឹង និយាយឲ្យខ្លីទៅអ្នកភូមិគាត់មានការកែប្រែហើយ ថ្មីៗនេះគាត់មានបើកកន្លែងជួលកង់ តាមផ្លូវមានលក់ដូរ តាំងដងទង់ជាតិ ហើយយើងមានរៀបថែមជាតូប លក់ថែមច្រើនទៀត»។
លោកអភិបាលស្រុកបានសំណូមពរទៅកាន់អ្នកទេសចរទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្ត មកកាន់ស្រុកបន្ទាយស្រី សូមប្រកាន់ភ្ជាប់ការទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងការរក្សាអនាម័យរៀងៗខ្លួន ដូចជាពាក់ម៉ាស លាងដៃនិងអាល់កុលឬជែល ដើម្បីសុខភាពសាធារណៈទាំងអស់គ្នា។
សូមជម្រាបផងដែរថា ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាកដ៏ធំខាងមុខ (សម្រាកសៀមរាប)ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។កម្មវិធីសំខាន់ៗរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន និង៩.ផ្ទាំងទស្សនីយភាពសិល្បៈ៕