ចេកអាំងស្រូបទឹកស្ករត្នោតនិងសាច់ដូងកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១១ សីហា ២០២០


MC៖ ចេកអាំងស្រូបទឹកស្ករត្នោតនិងសាច់ដូង កំពុងទទួលបានការគាំទ្រច្រើនពី ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយសារមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…………………
លោក កុសល ជាអ្នកលក់ចេកអាំងទឹកជ្រលក់ពិសេស១៦៨ មានទីតាំងនៅភ្នំពេញនៅផ្លូវ២៧១ ជិតភ្នំពេញស្ព័តក្លឹប បានមានប្រសាសន៍ថា រយះពេល២ឆ្នាំហើយ ដែលលោកបានចាប់យករបបលក់ចេកអាំងស្រូបទឹកស្ករត្នោតនិងសាច់ដូងនេះ ។
លោក បន្តថា ចេកអាំងនេះមានការគាំទ្រច្រើនពីអតិថិជន ព្រោះវាមានតំលៃសមរម្យ រស់ជាតិឈ្ងុយឆ្ងាញ់ពិសារ ជាមួយ ទឹកជ្រលក់ខ្ទិះដូងនិងទឹកស្ករត្នោត ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានសាច់ដូងខ្ចី និងមានអនាម័យល្អ។
លោកបានបន្ថែមថា ក្នុងមួយថ្ងៃអាចលក់បានជាមធ្យមចន្លោះពី៥០ចង្កាក់ ទៅ១០០ចង្កាក់ ដោយក្នុងមួយចង្កាក់ តម្លៃ៣ពាន់រៀល ព្រមទាំងមានការវិចខ្ចប់ត្រឹមត្រូវ និងមានអនាម័យ ថែមទៀតផង។ បច្ចុប្បន្នលោកមិនទាន់មានអ្នកដឹកឲ្យភ្ញៀវផ្ទាល់ខ្លួនទេ ប៉ុន្ដែអថិតិជនអាចកម្មង់តាម app foodpanda ឈ្មោះ special BBQ BANANA និង ឈ្មោះចេកអាំងពិសេសក៏បាន។
សំឡេង៖ « ចេកអាំងស្រូបទឹកស្ករត្នោតនិងសាច់ដូង គឺជាការឆ្នៃប្រឌិត ដោយសារពីមុនវាមានតែចេកអាំងជ្រលក់ទឹកអំបិល តែឥឡូវយើងអាចច្នៃដាក់សាច់ដូង ខ្ទិះដូង ទឹកស្ករ ដើម្បីថាចេកនឹងមានអនាម័យល្អ គុណភាពល្អ រស់ជាតិឈ្ងុយ តំលៃសមរម្យថែមទៀត។ និយាយទៅវាដាច់គួរសមដែរ ថាដាច់ក៏ថាបានដែរ ដោយសារខ្ញុំអត់ទាន់មានអ្នកដឹកឲ្យភ្ញៀវផ្ទាល់ខ្លួន មានតែភ្ញៀវមកទិញដល់កន្លែង។ មានតែអែបផេនដា ប៉ុន្ដែអតិថិជនខ្លះគាត់អត់មានអែបផេនដា គាត់ទូរសព្ទមកកម្មង់យើងផ្ទាល់ ដើម្បីយើងដឹកយកឲ្យគាត់ ដោយសារតែបញ្ហាយើងអត់មានអ្នកដឹកឲ្យភ្ញៀវ »។
កញ្ញា នីតារស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា កញ្ញាចូលចិត្តញុំាចេកអាំងដាក់សាច់ដូងនេះ ណាស់ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ។
សំឡេង៖ « ខ្ញុំចូលចិត្តញ៉ាំចេកអាំងដាក់ខ្ទិះដូង ដោយសារតែទី១ខ្ញុំចូលចិត្តខ្ញុំចេកស្រាប់ ទី២ មានដូងលើចេក និយាយទៅវាឆ្ងាញ់ វាមានរសជាតិផ្អែមល្មម ជាមួយនឹងខ្ទិះដូងទឹកស្ករ សំខាន់យើងងាយស្រួលក្នុងការរកទិញ ហើយវាមានតម្លៃសមរម្យសម្រាប់ឲ្យយើងញ៉ាំបាន»។
លោក មាន កក្ដដា ក៏បានឲ្យដឹងដែរថា ចេកអំាងស្រូបទឹកស្ករ ត្នោតសាច់ដូងនេះមានរសជាតិប្លែក ហើយឆ្ងាញ់ ជាងរសជាតិពីមុន ដោយគ្រាន់តែលៀបទឹកអំបិល។
សំឡេង៖ « និយាយទៅពីមុនខ្ញុំធ្លាប់តែញ៉ាំចេកអាំងលាយទឹកអំបិលធម្មតាទេ ប៉ុន្តែពេលក្រោយមកហ្នឹងមានចេកអាំងថ្មី មានដូង លាយទឹកខ្ទះ អញ្ចឹងទៅវាប្លែក ញ៉ាំទៅមានរសជាតិឆ្ងាញ់ម៉្យាងដែរ ហើយតម្លៃក៏សមរម្យ ចឹងហើយខ្ញុំចូលចិត្តទិញវាញ៉ាំ»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញកន្លែងលក់ចេកអំាងស្រូបទឹកស្ករត្នោត និងសាច់ដូងនេះ ជាច្រើនកន្លែង ដោយសារតែប្រជាពលរដ្ឋបានងាកមកទទួលទានបង្អែមប្រភេទនេះ ដែលមានរសជាតិថ្មី ខុសប្លែកពីចេកអំាងស្រូបទឹកអំបិល៕