ក្រសួងធនធានទឹកនឹងស្តារស្ទឹងព្រែកត្នោតឡើងវិញនៅឆ្នាំក្រោយដើម្បីកាត់បន្ថយការជន់លិចភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០៨ ២០២០


MC៖ ក្រសួងធនធានទឹក និងឧតុនិយមត្រៀមស្តារស្ទឹងព្រែកត្នោតឡើងវិញនៅឆ្នាំក្រោយដើម្បីកាត់បន្ថយកុំឲ្យមានការជន់លិច ក្នុងរាជធានីភ្នំពេញ និងរក្សាទឹកសម្រាប់ស្រោចស្រពដំណាំផងដែរ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ ……
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា កាលពីថ្ងៃទី១០ ខែសីហា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីស្តារស្ទឹងព្រែកត្នោតឡើងវិញ។
ឯកឧត្តម បន្តថា ស្ទឹងនេះបានជួយរំដោះទឹកចេញពីរាជធានីភ្នំពេញ ក្នុងពេលមានភ្លៀងខ្លាំង នឹងបានសន្សំទឹកក្នុងការស្រោចស្រពដាំណាំរបស់ប្រជាកសិករពេលមានគ្រោះរាំងស្ងួត ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែសីហា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ចាន់ យុត្ថា បានឲ្យដឹងថា ទឹកជន់លិចរាជធានីភ្នំពេញ ដោយសាររងនូវសម្ពាធ៣ គឺ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត ។
ឯកឧត្តម បន្តថា ជំនន់ព្រែកត្នោតដែលតែងតែគំរាមកំហែងក្នុងរាជធានីភ្នំពេញ ដែលមានបរិមាណទឹករហូតដល់១២០០ម៉ែត្រគីបក្នុងមួយវិនាទី ចំណែកឯសមត្ថភាពនៃការំដោះទឹក នៅផ្នែកខាងក្រោម ត្រូវបានរួមតូច ទើបពិបាកក្នុងការរំដោះទឹកចេញ ។
ឯកឧត្តម បញ្ជាក់ថា កាលពីមុន ផ្លូវទឹកមួយចំនួនបានចេញទៅខេត្តកណ្តាល និងមួយផ្នែកទៀតទៅម្តុំតំបន់ព្រៃស រួចធ្លាក់ចូលទៅបឹងជើងឯក ហើយចេញពីបឹងជើងឯក ធ្លាក់ចូលទន្លេបាសាក់ និងមួយផ្នែកទៀតធ្លាក់ចូលទៅព្រែកំពឹស។ ប៉ុន្តែបច្ចុប្បន្ននេះ ស្ទឹងព្រែកត្នោតមានបញ្ហាគោករាក់ និងស្ថានភាពរួមតូចនៃផ្នែកខាងក្រោម។ ដូចនេះ ក្រសួងបាន កំពុងពិភាក្សាជាមួយភាគីចិន ក្នុងការស្តារស្ទឹងព្រែកត្នោតនេះឡើងវិញ។
សំឡេង៖ « ឯកឧត្តមរដ្ឋមន្រ្តីបានដឹកនាំការចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញ ដើម្បីកាត់បន្ថយជំនន់របស់ស្ទឹងព្រែកត្នោត ។ អញ្ចឹងទាក់ទងជាមួយវិធានការទប់ទល់ ទី១ទប់ទល់នឹងជំនន់ ទី២ទាញទឹកជំនន់នេះយកទៅស្រោចស្រពលើផ្ទៃដីជាង១ម៉ឺនហិកតា។ ស្ទឹងព្រែកត្នោតនឹងត្រូវស្តារឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ ។ ហើយរយៈពេលអាចត្រូវការក្នុងរង្វង់ប្រហែល៣០ខែ យើងនឹងរួចរាល់ ដូច្នេះជំនន់ធំៗពីរ គឺយើងបានដោះស្រាយរួចទាំងស្រុង »។
ឯកឧត្តម ចាន់ យុត្ថា បានឲ្យដឹងទៀតថា ចំពោះជំនន់ទន្លេមេគង្គវិញ កាលពីឆ្នាំ២០០០ មានការជន់លិចនៅម្តុំតំបន់កប់ស្រូវ ដែលបច្ចុប្បន្ននេះ ក្រសួងបានពង្រឹងទំនប់កប់ស្រូវរួចរាល់ហើយ ដែលមានសុវត្ថិភាពមិនមានការភ័យព្រួយទៀតទេ ។
សូមបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២០ ទឹកភ្លៀង និងទឹកទន្លេ មានការកើនឡើងគួរឲ្យកត់សំគាល់ ។ ឥទ្ធិពលនៃជ្រលងសម្ពាធទាប អាចរំពឹងថា នឹងមានភ្លៀងធ្លាក់ច្រើន ហើយអាចប្រឈមនឹងមានការលិចលង់ ទាមទារឲ្យមានការយកចិត្តទុកដាក់ប្រុងប្រយត្ន័ខ្ពស់៕