អភិបាលខេត្តកំពង់ចាមដាក់បទបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធត្រូវរួមគ្នាការពារផ្ទៃបឹងធម្មជាតិ

វិទ្យុជាតិកម្ពុជាៈលោកហ៊ាងចាន់ថា

ខេត្តកំពង់ចាម៖
អភិបាលខេត្តកំពង់ចាម បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់ ចេញពីក្រុងកំពង់ចាមផង និងទុកជាផ្លូវនាំទឹកដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផងដែរ ។

ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាជាង ៣០គ្រួសារនៅតំបន់ទំនប់តាសេក ភូមិតាសេក ឃុំកោះរកា ស្រុកកំពង់សៀមនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានថ្លែងថា ផ្ទៃបឹងធម្មជាតិ មានប្រយោជន៍ក្នុងការរំដោះទឹកជំនន់ ហើយក៏ជាផ្លូវ នាំទឹកចូលទៅកាន់តំបន់ទំនាប ដើម្បីឱ្យប្រជា ពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មរបស់ពួកគាត់ផងដែរ ។ ហេតុដូច្នេះហើយ មន្ត្រីជំនាញពាក់ព័ន្ធត្រូវចុះសិក្សានិងកំណត់ព្រំឲ្យបានត្រឹមត្រូវ ជៀសវាងមានអ្នកឆ្លៀត ឱកាសចាក់ដីលុបបឹងយកធ្វើកម្មសិទ្ធិរបស់ខ្លួន ។
ជុំវិញបញ្ហាដំណោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ នៅតំបន់ទំនប់តាសេក ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ លោក កែវ នាឬទ្ធិអភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវអោយបានច្បាស់លាស់ ដើម្បីរៀបចំរបាយការណ៍ និងធ្វើការប្រជុំដោះ ស្រាយលើបញ្ហានោះ នៅពេលក្រោយបន្តទៀត៕